បុរសម្នាក់បានសម្ដែងការហួសចិត្ត និង ឈឺចាប់និយាយមិនចេញបន្ទាប់ពីរថយន្តបាឡែនរបស់គាត់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងឆ្នាំ២០១៩ ហើយយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំដោះស្រាយ ប៉ុន្តែមកដល់ពេលនេះអស់រយៈពេលជាងមួយឆ្នាំ ត្រូវបានគេស៊ីគ្រឿងក្នុងម៉ត់នៅសល់តែតួរថយន្តនិងម៉ាស៊ីនប៉ុណ្ណោះ។
យោងតាមសំដីម្ចាស់រថយន្ត ដែលមានគណនេយ្យហ្វេសបុកHok Tanghong បាននិយាយថា ឡានរបស់គាត់ត្រូវជាប់ប៉ុស្ដិ៍ប៉ូលីសកាលពីឆ្នាំទៅ ពោលគឺក្នុងឆ្នាំ២០១៩ ពេលនោះឡាននៅស្អាត មកដល់ពេលឥលូវត្រូវគេដោះគ្រឿងខ្ទេច ពេលម្ចាស់មកត្រួតពិនិត្យឡើងវិញ ឃើញថារថយន្តរបស់ខ្លួន ត្រូវគេដោះយកម៉ាញ៉េ កង់ ស្តុប តាប្លូ ប៊ូស៊ី អាគុយ និងគ្រឿងក្នុងដែលអាចដោះបាន គឺដោះបាត់អស់ នៅសល់តែតួ និងម៉ាស៊ីនប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះតាមរយៈទំព័រហ្វេសបុករបស់លោកផែង វណ្ណៈ Pheng Vannak Newsបានឲ្យដឹងថា លោកអធិការនគរបាលស្រុកអង្គស្នួល លោកបានទទួលព័ត៌មាននេះហេីយ ហេីយកំពុងស្រាវជ្រាវរឿងនេះ ។ លោកអធិការស្រុកបានអោយដឹងទៀតថា ក្នុងនាមលោកជាប្រធានអង្គភាព លោកនឹងទទួលខុសត្រូវចំពោះបញ្ហានេះ ហេីយថ្ងៃនេះ កម្លាំងរបស់លោកនឹងទាក់ទងទៅម្ចាស់រថយន្ត ដេីម្បីជួយសម្រួលចេញសំណងលេីការខាតបង់របស់ម្ចាស់រថយន្តខ្លះ ។
គួរបញ្ជាក់ផងដែរថា ឡានខាងលើនេះ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាកាលពីឆ្នាំ២០១៩ ហើយត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកអង្គស្នួលដើម្បី រង់ចាំការដោះស្រាយ។ តែដោយសាការដោះស្រាយ ត្រូវអូសបន្លាយពេល ទើបរថយន្តត្រូវរក្សាទុករហូតដល់ពេលនេះ។