គួរឲ្យអាណិតណាស់ ក្មេងប្រុសវ័យ១០ឆ្នាំ ទំនេរពីរៀនជិះកង់លក់ដូររាប់សិបគីឡូដី ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ

ដោយយោងតាមសារព័ត៌មាន sbm ដោយសារកត្តាជីវភាពខ្វះខាតក្នុងគ្រួសារបណ្តាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំឈប់រៀនហើយដើរលក់ ស្វាយ ម្កាក់ ម្នាស់ ម្ជូរ ដោយចេញលក់ចាប់ពីពេលព្រឹករហូតទល់ល្ងាច ទើបត្រឡប់ទៅផ្ទះវិញដោយជិះកង់ចម្ងាយដីរាប់សិបគីឡូម៉ែត្រក្នុងមួយថ្ងៃ មិនបានចូលរៀនដូចក្មេងដ៏ទៃនោះទេ។

បើតាមអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសដែលតស៊ូរកប្រាក់ផ្គត់ផ្គង់ចិញ្ចឹមក្នុងគ្រួសារខាងលើមានឈ្មោះ លន់ ឆៃលីន អាយុ ១០ឆ្នាំ អតីតៈជាសិស្សថ្នាក់ទី២ រស់នៅភូមិ ប្រសូត្រទី១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ដែលមានឳពុកឈ្មោះ លន់ អាយុ ៣៥ឆ្នាំនិងម្តាយឈ្មោះ ណៃ អាយុ ៣២ឆ្នាំ មានកូនបីនាក់ លន់ ឆៃលីន ជាកូនប្រុសច្បង។

ហើយដោយជីវភាពគ្រួសារក្រីក្រ លន់ ឆៃលីន បានរៀនត្រឹមតែចប់ថ្នាក់ទី១ ចូលរៀនថ្នាក់ទី២បានបីបួនខែ ក៏ត្រូវឳពុកឲ្យឈប់រៀន ហើយឲ្យរកស៊ីលក់ដូរដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ។

ជាធម្មតាក្មេងប្រុស លន់ ឆៃលីន ចេញទៅលក់ចាប់ពីវេលាម៉ោង៨និង០០នាទីព្រឹក ដោយដាក់ស្វាយខ្ចី ត្របែក ម្នាស់ ម្ជូអំពឹល និងទន្លឹងទឹង ត្រាំ ដាក់ក្នុងធុងទឹកកកនិងប្យួនៅដៃកង់ដឹកកង់ ឬបណ្តើរលក់គ្រប់ច្រកល្ហកនៅតាមទីផ្សារ តាមផ្ទះ តូប និងតាមហាង ភោជនីយដ្ឋាន នៅតាមខាងមុខសាលារៀន ចាប់ពីផ្សារប្រសូត្រ រហូតមកដល់ក្រុងស្វាយរៀង បើគិតពីចម្ងាយដីប្រមាណ១៥គីឡូម៉ែត្រហើយបើគិតទាំងជិះកង់និងបណ្តើរកង់ដើរលក់តាមដងផ្លូវក្នុងភូមិ និងក្នុងក្រុងស្វាយរៀងពេញមួយថ្ងៃគឺមិនតិចទេ រាប់សិបគីឡូម៉ែត្ររហូតថ្ងៃបាក់រសៀលទើបជិះកង់ត្រឡប់ទៅផ្ទះវិញ។

ក្មេងប្រុស លន់ ឆៃលីន បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ ក្នុងមួយថ្ងៃបើលក់អស់បានប្រាក់១០ម៉ឺនរៀលជាង ក៏ប៉ុន្តែមិនដឹងចំណេញប៉ុន្មានទេ ដោយឳពុកម្តាយជាអ្នកទិញនិងចិតច្រកថង់ឲ្យដើរលក់។

ហើយបើលក់មិនអស់ គឺក្នុងមួយថ្ងៃបានត្រឹម៥ម៉ឺនទៅ៦ម៉ឺនរៀល ដោយអ្នកទិញគេអាណិតចេះតែជួយទិញទៅ ព្រោះថាក្មេងតូចហើយលក់រាល់ថ្ងៃដល់ថ្ងៃត្រង់ឃ្លានបាយ គឺទិញបាយកញ្ចប់ញ៉ាំ រួចបន្តដើរលក់ទៀតរហូតដល់ល្ងាចទើបជិះកង់ត្រឡប់ទៅផ្ទះវិញ។

Related posts

Leave a Comment