សហការី លោក វេជ្ជបណ្ឌិត បាត ចាកុប កំពុងរត់ឯកសារបញ្ជូនស.ពលោក មកកម្ពុជាវិញ ដោយរំពឹងថា នឹងដល់នៅថ្ងៃស្អែកនេះ រីឯភរិយាលោក មិនមានឱកាស សូម្បីតែមើលមុខ ជាលើកចុងក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានបង្ហោះសាររៀបរាប់ថា ជាមួយនឹងភាពសោកសៅបំផុតនៃការទទួលមរណភាពរបស់លោកបណ្ឌិតបាត ចាកុប ដែលជាស្ថាបនិកចម្បងនៃអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ។ មរណភាពរបស់លោកបណ្ឌិត គឺជាបាត់បង់បុរសដ៏អស្ចារ្យម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះកិច្ចអភិវឌ្ឍនៃប្រព័ន្ធសុខាភិបាលសាធារណៈនៅប្រទេសកម្ពុជា ។ សន្តានចិត្តមេត្តាករុណា និងក្តីស្រឡាញ់របស់លោកចំពោះប្រទេសកម្ពុជានឹងត្រូវបានចងចាំជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារទង្វើប្រកបដោយគុណធម៌ និងការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកបណ្ឌិតសម្រាប់ប្រជាជនកម្ពុជា ថ្មីៗនេះលោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គមកម្ពុជា ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សោកសៅបំផុតជាមួយក្រុមគ្រួសាររបស់លោកចំពោះការបាត់បង់មនុស្សជាទីគោរពស្រឡាញ់បំផុតរបស់ពួកគេ ។ មនសិការ និងសមិទ្ធផលនានាដែលលោកបណ្ឌិតបាត ចាកុប បានបន្សល់ទុក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងខ្ញុំជានិច្ច ហើយយើងនឹងបន្តក្តីប្រាថ្នារបស់លោកក្នុងការជួយប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាបន្តទៅមុខទៀត ។ យើងខ្ញុំ សូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា លោកបណ្ឌិត បាត ចាកុប បានទទួលមរណភាពក្នុជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យក្រុងបាងកកនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៧:00ល្ងាច ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅភ្នំពេញ ។ បន្ទាប់មក រូបលោកត្រូវបានបញ្ជូនតាមយន្តហោះទៅព្យបាលបន្តនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ បច្ចុប្បន្ន ក្រុមគ្រួសារ និងសហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនស.ពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្ការការរីករាលដាលនៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យស.ពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។

ពិធីបុណ្យសព ៧ ថ្ងៃ [ខណៈដែលកំពុងទន្ទឹងរង់ចាំសពរប់លោកបញ្ជូនមកដល់] នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែមករា នៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ។ខាងក្រោមនេះជាសាររៀបរាប់ដោយសង្ខបនៅលើ Facebook របស់លោក សំ សំអឿន នាយកគ្រប់គ្រងរបស់អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព អំពីស្នាដៃរបស់លោកបណ្ឌិតបាត ចាកុប ដែលសម្រេចបានកន្លងមក ៖

លោកបណ្ឌិតបាត ចាកុប កើតនៅខែកុម្ភៈ ឆ្នាំ១៩៦៧ នៅទីក្រុងវីលវ៉ូដូ (Vilvoorde) ប្រទេសបែលហ្សិក (Belgium)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ហើយបានធ្វើការងារនៅប្រទេសកម្ពុជាលើកដំបូង នៅខែមេសា ឆ្នាំ២០០០ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាទីប្រឹក្សាផ្នែកសុខភាពសាធារណៈនៃគម្រោងជំនួយសង្គ្រោះ (Bridging Relief Aid) ដើម្បីកិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលថ្នាក់ស្រុកប្រកបដោយចីរភាព ។

ក្នុងឆ្នាំ២០០១ លោកបានផ្លាស់ប្តូរការងារទៅស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពង្រឹងក្រុមអ្នកគ្រប់គ្រងសុខាភិបាលថ្នាក់ស្រុក ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ឲ្យទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ដោយការចំណាយតិចតួចបំផុត ។ លោកបានបំពេញការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ដែលគ្របដណ្តប់ស្រុករដ្ឋបាលចំនួន៤ រហូតដល់ឆ្នាំ២០០៧ ក្នុងគម្រោងពង្រឹងប្រព័ន្ធសេវាសុខាភិបាលសាធារណៈ ដោយប្រើប្រាស់ថវិកាបដិភាគរវាងថវិការាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលសម្រេចបានលទ្ធផល ដូចខាងក្រោម ៖

• អត្រាស្ត្រីសំរាលកូននៅមូលដ្ឋានសុខាភិបាល កើនឡើងពី៥%ក្នុងឆ្នាំ១៩៩៨ ដល់ ៧៥% ក្នុងឆ្នាំ២០០៨

• ខណៈនោះដែរ ភាគរយកុមារដែលបានចាក់ថ្នាំបង្ការកើនឡើងពី៤០% ដល់ ៩២%

• ស្ត្រីក្នុងវ័យបន្តពូជ ប្រើប្រាស់ថ្នាំពន្យារកំណើតសម័យទំនើប កើនឡើង ៤ដងពី៩% ដល់ ៣៦% លើសពីនេះទៀត

• ជនក្រីក្រងាយរងគ្រោះ ប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលសាធារណៈ កើនឡើង២០ដង ពី៣% ដល់ ៦១%

លទ្ធផលទាំងនេះសម្រេចបានតាមរយៈសំណុំនៃកិច្ចអន្តរាគមន៍ដែលបានអនុវត្តក្នុងពេលជាមួយគ្នា មានជាអាទិ៍ ៖

• ពង្រឹងការគ្រប់គ្រង ៖ តាមរយៈការកសាងសមត្ថភាពគ្រប់គ្រងរបស់គណៈគ្រប់គ្រងសុខាភិបាលស្រុកប្រតិបត្តិ និងធ្វើឱ្យពួកគេអាចវាយតម្លៃការអនុវត្តការងាររបស់មូលដ្ឋានសុខាភិបាលដោយប្រតិបត្តិតាមសេចក្តីណែនាំ និងគោលនយោបាយនានាពីថ្នាក់ជាតិ ព្រមទាំងអាចវិនិច្ឆ័យស្ថានភាពមូលដ្ឋានបានល្អប្រសើរ ។

• ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ៖ តាមរយៈការអនុវត្តស្របតាមនយោបាយក្នុងថ្នាក់មូលដ្ឋាន និងធ្វើការរួមគ្នាជាមួយមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ឃុំ និងថ្នាក់ស្រុក ។

• ពង្រឹងគុណភាពសេវាសុខភាព ៖ ដោយធានាការផ្តល់សេវាបង្ការការពារ និងថែទាំសុខភាពចាំបាច់នៅថ្នាក់មូលដ្ឋាន តាមរយៈការចុះដល់មូលដ្ឋាន ពង្រឹងគុណភាពសេវានៅថ្នាក់មណ្ឌលសុខភាព និងពង្រឹងគុណភាពសេវានៅថ្នាក់មន្ទីរពេទ្យបង្អែកឲ្យបានល្អប្រសើរ ដែលជាឆ្អឹងខ្នងរបស់មណ្ឌលសុខភាព ។

• ពង្រឹងការចូលរួមរបស់សហគមន៍ ៖ ប្រើប្រាស់រចនាសម្ព័ន្ធសហគមន៍ដែលមានស្រាប់នៅជុំវិញវត្តអារាម និងអ្នកស្ម័គ្រចិត្តដែលជាប់ពាក់ព័ន្ធ ដូចជាចាស់ទុំ និងអាចារ្យ ដែលមាននៅតាមវត្តអារាមទាំង៩១ និងវិហារឥស្លាមចំនួន៥ ឲ្យចូលរួមក្នុងការប្រមូលព័ត៌មានត្រឡប់ពីសហគមន៍នូវបញ្ហាទាក់ទងនឹងសុខភាព និងរួមជាមួយអាជ្ញាធរឃុំ និងស្រុក ដោយលើកកម្ពស់គណនេយ្យភាពទៅវិញទៅមក ។

• លើកកម្ពស់ការអប់រំសុខភាព ៖ ធ្វើឡើងតាមរយៈចាស់ទុំ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំពេទ្យប្រកបដោយគ្រោះថ្នាក់ និង លើកកម្ពស់ការប្រើប្រាស់ឱសថសារវន្ត ព្រមទាំងការរក្សាអនាម័យ និងអាហាររូបត្ថម្ភ ។

• មូលនិធិសហគមន៍សម្រាប់ប្រជាជនក្រីក្រ ៖ អ្នកស្ម័គ្រចិត្តតាមវត្តបានកៀរគរមូលនិធិពីអ្នកដែលមានជីវភាពធូរធារដើម្បីចំណាយលើសេវាថែទាំសុខភាព ក៏ដូចជាជួយឧបត្ថម្ភមធ្យោបាយធ្វើដំណើរទៅមូលដ្ឋានសុខាភិបាល និងជួយសម្រួលឧបសគ្គផ្នែកហិរញ្ញវត្ថុផ្សេងទៀតចំពោះការថែទាំសុខភាពសម្រាប់ប្រជាជនក្រីក្រ ។

• សេវាថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រ​ ៖ ពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានត្រូវបានកំណត់អត្តសញ្ញាណដោយសហគមន៍ ដើម្បីផ្តល់ជំនួយក្នុងការទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្រោមមូលនិធិសមធម៌សុខភាពថ្នាក់ជាតិ ។

• ការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលនៃការអនុវត្តការងារ ៖ ការប្រើប្រាស់គម្រោងច្នៃប្រតិដ្ឋថ្មី ដូចជា​ ផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដើម្បីដែលអនុវត្តការងារបានល្អ ជាពិសេស ការផ្តល់សេវាសុខភាពនៅតាមតំបន់មានការប្រើប្រាស់សេវាសុខាភិបាលមានកម្រិតទាប ។

អន្តរាគមន៍ខាងលើ បានផ្តល់ជាគំរូល្អសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តទូទាំងប្រទេស រួមមាន ៖ គំរូនៃការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលអនុវត្តការងារនៅស្រុកគិរីវង់ត្រូវបានដាក់បញ្ចូលជាផ្នែកមួយក្នុងកម្មវិធី Service Delivery Grants​ (SDG)សព្វថ្ងៃ ។ ហើយធាតុផ្សំជាច្រើននៃដំណើរការនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដោយសហគមន៍ត្រូវបានដាក់បញ្ចូលក្នុងដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ជាតិ ដែលបច្ចុប្បន្នបានកំណត់ជនក្រីក្រចំនួន២.៧លាននាក់ ។ ទទ្ទឹមនឹងនេះដែរ សេវានៅថ្នាក់មណ្ឌលសុខភាពក៏ត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់អត្ថប្រយោជន៍សម្រាប់ប្រជាជនក្រីក្រ របស់មូលនិធិសមធម៌សុខាភិបាលថ្នាក់ជាតិផងដែរ ។

ដើម្បីធានាបន្តយន្តការនៃចូលរួមរបស់សហគមន៍ដោយមានវត្តអារាម និងវិហារឥស្លាម ក៏ដូចជា​ យន្តការមូលនិធិសមធម៌សហគមន៍(មសគ.)សម្រាប់ប្រជាជនក្រីក្រ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបង្កើតឡើង ។ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាពបានពង្រីកវិធីសាស្រ្ត មសគ. នៅតាមមណ្ឌលសុខភាពរហូតចំនួន៤៤០ នៅបណ្តាខេត្តចំនួន១២ ដែលគ្របដណ្តប់ដោយស្រុករដ្ឋបាលចំនួន ៦៣ មានភូមិចំនួន ៥,៤៣៧ មានវត្តចំនួន ១,៨៧៩ និងវិហារឥស្លាមចំនួន ១៧៤ ដែលមានអ្នកស្ម័គចិត្តដែលជាសមាជិករបស់មសគ.សរុបចំនួន១៨,៨៩៦នាក់ បានចូលរួម ដែលភាគច្រើនជាព្រះសង្ឃ អ្នកស្ម័គ្រចិត្តតាមវត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តដទៃទៀត ។

ចំនួនប្រជាជនក្រីក្រសរុបក្នុងតំបន់ទាំងនេះមានចំនួន១,០២២,៩២៥នាក់ ខណៈដែលប្រជាជនក្រីក្រ និងជនងាយរងគ្រោះបំផុតចំនួន ១៣៦,៥៦១នាក់បន្ថែមទៀតទទួលបានការគាំទ្រតាមរយៈហិរញ្ញប្បទានសហគមន៍ រូមមាន ៖ មនុស្សចាស់ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ និងមនុស្សដទៃទៀត អ្នកផ្ទុកមេរោគអេដស៏-របេង ក៏ដូចជាក្មេងកំព្រា ឬគ្រួសារដែលជួបវិបត្តិសេដ្ឋកិច្ច ។ ចាប់ពីឆ្នាំ ២០១៦ តរៀងមក ចំនួនទឹកប្រាក់ប្រចាំត្រីមាសដែលប្រមូលបានពីសហគមន៍នៅតាមខេត្តទាំង១២ នេះមានចាប់ពី ១២,៥០០ ដុល្លារទៅ ៤២,៥០០ដុល្លារអាមេរិក ។

ក្នុងអំឡុងឆ្នាំ ២០០៧-២០១៣ លោកបណ្ឌិត បាត ចាកុប បានបម្រើការងារនៅប្រទេសឡាវ ប៉ុន្តែនៅរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា និងបានផ្តល់ប្រឹក្សាជាយុទ្ធសាស្ត្រសម្រាប់អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ។ លោកបានវិលត្រឡប់មកប្រទេស​កម្ពុជានៅឆ្នាំ២០១៣ ហើយបច្ចុប្បន្នលោកបានធ្វើការងារជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានការិយាល័យស្ថិតនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនៅទីនោះលោកបានផ្តល់បច្ចេកទេសក្នុងផែនការគ្របដណ្តប់សេវាសុខភាពជាសកល (Universal Health Coverage) ដែលកិច្ចការនេះនឹងជួយបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានទទួលនូវសេវាសុខភាពប្រកបដោយគុណភាព ដោយចំណាយតិចតូចបំផុត ។

Related posts

Leave a Comment