តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាសរុបចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពពន្លត់អគ្គីភ័យក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។
ស្របពេលជាមួយគ្នានេះ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះរបស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។ ជប៉ុន ជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅរាជធានីភ្នំពេញ ៕