ផ្សារ Klong Toey ដែលជាផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយនៅកណ្តាលទីក្រុងបាងកកត្រូវបានបិទរយៈពេល ៣ ថ្ងៃគិតចាប់ពីថ្ងៃពុធនេះ បន្ទាប់ពីអ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។
ទន្ទឹមនឹងនេះទារកអាយុ ៣ ខែម្នាក់ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ ហើយរហូតមកដល់ពេលនេះវាជាករណីឆ្លងក្មេងជាងគេក្នុងចំណោមករណីថ្មីចំនួន ៣២ ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីកាលពីម្សិលមិញ ។
បន្ថែមពីនេះមន្ត្រីសុខាភិបាលនៃរដ្ឋបាលក្រុងបាងកក (BMA) ក៏កំពុងធ្វើការស៊ើបអង្កេតថាតើទារកអាយុ ៣ ខែនេះបានឆ្លងវីរុសនេះយ៉ាងដូចម្តេច?
យោងតាមលោកស្រី Piyada Niyom អធិការសង្កាត់ Klong Toey បានឲ្យដឹងថា អ្នកលក់នៅផ្សារ Klong Toey ដែលមិនមានរោគសញ្ញាត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីការធ្វើតេស្តទឹកមាត់បានបង្ហាញថាអ្នកលក់រូបនេះបានឆ្លងវីរុសនេះ ។
លោកស្រី Piyada បាននិយាយថា មនុស្សជាង ១០ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកលក់ដែលឆ្លងមេរោគនេះត្រូវបានផ្ដាច់ខ្លួននៅដាច់ដោយឡែកផងដែរ ។ លោកស្រីបន្តថា ផ្សារនេះនឹងត្រូវបិទដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ហើយនឹងបើកឡើងវិញនៅថ្ងៃសៅរ៍ ។
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឹកូវីដ ១៩ (CCSA) កាលពីម្សិលមិញបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣២ ករណីនៅទីក្រុងបាងកក ខណៈករណីឆ្លងទាំងអស់សុទ្ធតែជាករណីឆ្លងក្នុងស្រុក
ហើយប្រជាជនបានឆ្លងមេរោគនេះ បន្ទាប់ពីទស្សនាតំបន់កម្សាន្តនៅតាមខេត្តផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ ១៩ ឬមានការទាក់ទងជិតស្និទ្ធជាមួយភ្ញៀវដែលឆ្លងជំងឺនេះ ៕ ប្រភព ៖ Bangkok Post