រាប់ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ កោះត្រល់ (កោះ Phu Quoc) នឹងក្លាយជាទីក្រុងកោះដំបូងគេបង្អស់នៅក្នុងប្រទេសវៀតណាម ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Kien Giang។ គម្រោងកែប្រែមុខមាត់ថ្មីនៃកោះត្រល់ឲ្យក្លាយជាទីក្រុង និងជាតំបន់សេដ្ឋកិច្ច និងរដ្ឋបាលពិសេសនេះ បានធ្វើឡើងតាំងពីឆ្នាំ២០០៤មកម៉្លេះ។
បើតាមសារព័ត៌មានក្នុងស្រុកវៀតណាម Tuoi Tre បានឲ្យដឹងថា ទីក្រុងកោះត្រល់ថ្មីនេះនឹងមានសង្កាត់ចំនួន២ធំៗគឺសង្កាត់ Duong Dong និងសង្កាត់ An Thoi បូករួមទាំងឃុំតូចៗចំនួន ៦ ដូចជា Ham Ninh, Duong To, Ganh Dau, Bai Thom, Cua Duong និង Cua Can។ ទីក្រុងថ្មីនឹងលាតសន្ធឹងលើផ្ទៃដីជាង ៥៧៥គីឡូម៉ែត្រការ៉េ ហើយរំពឹងមានប្រជាជនរស់នៅច្រើនជាង ១៧៧ ៥០០នាក់។
ប្រភពដដែល បានចុះផ្សាយទៀតថា កោះត្រល់នឹងមានភាពទាក់ទាញមួយកម្រិតថែមទៀតចំពោះបណ្ដាអ្នកបណ្ដាក់ទុននៅក្នុងវិស័យទេសចរណ៍ ដែលជាស្នូលនៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃកោះនេះ ក៏ដូចជាខេត្ត Kien Giang ទាំងមូល។ បន្ថែមពីនេះ សារព័ត៌មាន Tuoi Tre បានឲ្យដឹងទៀតថា កោះត្រល់នឹងដើរតួនាទីពិសេសបន្ថែមនៅក្នុងឆាកនយោបាយ ការការពារ និងសុខសុវត្ថិភាព ដើម្បីអះអាងអធិបតេយ្យភាពនៃដែនសមុទ្រ និងដែនកោះវៀតណាម៕