តាមសារសំឡេងមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដោយយោងទៅលើតម្រូវការចាំបាច់នៅពេលនេះ និង មានការស្នើសុំពីក្រសួងសុខាភិបាល ព្រមទាំងមានការផ្ដល់យោបល់ពីអង្គការសុខភាពពិភពលោក
នៅពេលនេះសូមឱ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ចេញបទបញ្ជាផ្អាកការជួបជុំគ្រប់កម្មវិធីទាំងអស់ ដែលមានមនុស្សច្រើន រាប់ទាំងកម្មវិធីអាពាហ៍ពិពាហ៍រយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃចេញបទបញ្ជានេះតទៅ ។
ក្នុងរយៈពេល ១៥ ថ្ងៃនេះសូមផ្អាកការជួបជុំតែម្ដង ពោលគឺចាប់ពីថ្ងៃទី ១ ធ្នូ ២០២០ នេះ រហូតដល់ថ្ងៃទី ១៥ ឬ ១៦ ធ្នូ ។ សម្ដេចសូមធ្វើការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកជួបជុំរយៈពេល ១៥ ថ្ងៃ ទាំងការរៀបអាពាហ៍ពិពាហ៍ ទាំងការប្រជុំ ទាំងការជួបជុំជាលក្ខណៈមនុស្សលើសពី ២០ នាក់ ពុំគួរមានការជួបជុំទេ តែបើជួបជុំត្រឹម ២០ នាក់ចុះក្រោយ ក៏ត្រូវអនុវត្តវិធានការណ៍គម្លាតឲ្យឆ្ងាយ បើជៀសវាងមិនបាន ៕