កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានហេតុការណ៍ ដ៏សែនរន្ធត់មួយ បានកើតឡើង នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្រ្តីជាជនដៃដល់ បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែក្មេងស្រីរូបនោះ យកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល។
ស្ដ្រីដៃដល់ ឈ្មោះលីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតវះមុខ ក្មេងស្រីអាយុ ៥ឆ្នាំនេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ពីបទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានភាពទម្ងន់ទោស។ នេះបើតាម មន្ត្រីតុលាការប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ។
រឹតតែរំជួលចិត្តបំផុតនោះ កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្មេងស្រី ដែលរងគ្រោះនេះ មានឈ្មោះ ឡាស់ម៉ាវី លីយ៉ា បានសួរម្តាយមួយសំនួរ ដល់ថ្នាក់ធ្វើឲ្យម្តាយរូបនេះ ឆ្លើយមិនរួច បានត្រឹម រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក។ ម្តាយរូបនេះ បានបង្ហោះរូបកូនស្រី ប៉ុន្មានសន្លឹក មុន និងក្រោយកើតហេតុ ហើយប្រាប់ថា ៖
“កូនសួររាល់ថ្ងៃថា : ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយមិនរួច បានត្រឹមតែស្រក់ទឹកភ្នែក ព្រោះម៉ាក់ក៏មិនដឹងថា ពេលណាដែរ អោយម៉ាក់សុំទោស ដែលមើលថែកូន មិនបានល្អ គ្មានថ្ងៃណា ដែលម៉ាក់មិនយំអាណិតកូនទេ”៕