សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ,បើកឲ្យដំណើរការពហុកីឡដ្ឋាជាតិអូឡាំពិក ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ០៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល។ ប្រភព៖BTV Cambodia
គួរបញ្ជាក់ផងដែរថា លទ្ធផលធ្វើតេស្តរកកូវីដ១៩ ជាលើកទី៤ និងជាលើកចុងក្រោយ ដែលធ្វើឡើងលើអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ១,៤២២នាក់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា អវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា អ្នកធ្វើតេស្តទាំងអស់នេះ នៅក្នុងរាជធានីភ្នំពេញ ១,៣៤៥នាក់ ក្រៅពីនោះនៅតាមបណ្តាខេត្តពាក់ព័ន្ធ។
លទ្ធផលនេះ ជាដំណឹងល្អបំផុត និងបានក្លាយជាសញ្ញាមួយដែលបញ្ជាក់ប្រាប់ថា ព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ ហើយអ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័កទាំងអស់ នឹងអាចដើរហើរជាធម្មតាឡើងវិញបាន ដោយ មិនមានការព្រួយបារម្ភដូចមុនទៀតទេ។