លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា៖ «គម្រោងដីឡូត៍និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែ អត់ទាន់មាន ច្បាប់អនុញ្ញាត ទាំងអស់»។
លោកឃឹម ហ្វីណង់ អះអាងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឲ្យបណ្ដាញ «សៀមរាបប៉ុស្តិ៍» និងអ្នកសារព័ត៌មានពីររូបទៀត ជួបលោកដោយផ្ទាល់នៅសាលាស្រុកបន្ទាយស្រីកាលពីកន្លងទៅនេះ។
លោកអភិបាលស្រុកបន្ទាយស្រីបានបន្តថា៖ ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាលស្រុកបន្ទាយស្រី មក លោកនៅមិនទាន់អនុញ្ញាតឱ្យមានលិខិត សាងសង់ផ្ទះល្វែង និងដីឡូតិ៍នៅឡើយទេ។
លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រីភាគច្រើនជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
សូមរំលឹកផងដែរថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រីបានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី ទាំងអស់ផងដែរ។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូត៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ។
បើទោះបី មានការលើកឡើងពីសំណាក់អភិបាលស្រុកបន្ទាយស្រី បែបនេះក្ដី គេសង្កេតឃើញ មួយរយ:ចុងក្រោយនេះ នៅក្នុងស្រុកបន្ទាយស្រី មានក្រុមហ៊ុនគំរោងដីឡូត៍នឹងផ្ទះល្វែងមួយចំនួន បានបើកការដ្ឋានសាងសង់និងពុះឡូត៍លក់ជាហូរហែផងដែរ។
ប្រការដែលក្រុមហ៊ុនទាំងនោះ ប្រកាសបើកការដ្ឋាន និងប្រកាសលក់ដីឡូត៍និងផ្ទះល្វែង ជាសាធារណៈ បែបនេះ គេនៅពុំទាន់ដឹងនៅឡើយថា មានលិខិតអនុញ្ញាត ត្រឹមត្រូវ ពីអាជ្ញាធរក្រសួងពាក់ព័ន្ធដែរឬយ៉ាងណានោះទេ។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចៀសវាង ការខាតបង់ ពេលវេលានិងថវិកាផងដែរ។
បើតាមលោក ឃឹម ហ្វីណង់ ថា៖ នៅស្រុកបន្ទាយស្រី នោះដែរ មានក្រុមហ៊ុន គម្រោងដីឡូត៍ មួយកន្លែង របស់ឧកញ៉ាម្នាក់ គឺជាប់គម្របព្រៃឈើទាំងអស់៕SRP