មុននេះបន្តិចបើយោងតាម ផេក របស់លោក ផែង វណ្ណៈ បានបង្ហោះប្រាប់ថា៖”ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នៅរសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះបានប្រាប់ខ្ញុំអោយដឹងថា ឯកឧត្តម បានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដេីម្បីការពារក្ដីតាមផ្លូវច្បាប់ជូនប្អូនស្រី ហុក ស្រីណុច ដែលគ្មានលទ្ធភាពតតាំងតាមផ្លូវច្បាប់ចំពោះ បណ្ដឹងចោទប្រកាន់ពី សំណាក់ប្រពន្ធចុង នៅសាលាដំបូងខេត្តកណ្ដាល ។
គួរបញ្ជាក់ថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមក ប្អូនស្រី ហុក ស្រីណុច បាននាំកូនប្រុស ទៅជួបប្ដីដែលបានលែងលះគ្នា ហេីយកំពុងរៀបការជាមួយ ប្រពន្ធថ្មី នៅភូមិ រកាខ្ពស់ ក្រុង តាខ្មៅ ដើម្បីអោយប្ដីដោះស្រាយបំណុលដែលរួមគ្នាខ្ចីធនាគារអោយបានរួចរាល់សិនចាំមករៀបការ ។ តែការមកទាមទារបែបនេះធ្វើអោយ ប្រពន្ធចុងក្ដៅស្លឹកត្រចៀក ក៏ប្ដឹងទៅតុលាការខេត្តកណ្តាលដោយចោទប្អូនស្រី ពីបទរំលោភលើលំនៅឋាន និង បរិហារកេរ្តិ៍ជាសាធារណៈ ។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ប្អូនស្រី ហុក ស្រីណុច តាមបណ្ដឹងរបស់ប្រពន្ធចុង រួចបញ្ជូនទៅចៅក្រមស៊េីបសួរ ។ នៅក្នុងដំណាក់កាលស៊េីបសួរ ចៅក្រមបានកោះហៅប្អូនស្រី ហុក ស្រីណុច ចូលបំភ្លឺ តែប្អូនស្រី អាក់ខានតាមដីកាកោះ ក៏ត្រូវបានចៅក្រមចេញដីកាបង្គាប់ឲ្យនាំខ្លួនទៅសាកសួរតែម្ដង ។
ការនាំខ្លួនប្អូនស្រីមកសាកសួរនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ បានធ្វើឲ្យមហាជនរិះគន់តុលាការយ៉ាងខ្លាំង ដោយចោទថា តុលាការលំអៀងទៅរកប្រពន្ធចុងធ្វើបាបប្រពន្ធដើម ។ ទោះជាយ៉ាងណាក្ដី បន្ទាប់ពីសាកសួររួច ចៅក្រមបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ។
បន្ទាប់ពីទទួលដំណឹងថា ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ការពារក្ដីតាមផ្លូវច្បាប់ជូនប្អូនស្រី ប្អូនស្រី ហុក ស្រីណុច ដែលកំពុងភ័យព្រួយនោះបានត្រេកអរយ៉ាងខ្លាំង និងបានគោរពអរគុណ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជាពិសេសគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជួយការពារស្ត្រីទន់ខ្សោយ ។ ប្អូនស្រី ហុក ស្រីណុច បានគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអោយមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ។”ប្រភព៖ Pheng vannak news