មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។
កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។
ព្រោះតែការពេញចិត្ត ការតស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន និងការអត់ធ្មត់ របស់ ធារ៉ា គេឃើញសប្បុរសជនជាច្រើនបានស្កាត់ជួប និងឲ្យទៅជួប ព្រមទំាងប្រគល់ថវិកា និងឱកាសការងារដល់ក្មេងម្នាក់នេះជាច្រើនថែមទៀតផង។
លុះដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោកជំទាវ អ៊ូ ធីតាពៅ ដែលត្រូវជាភរិយា ឯកឧត្តម គួច ចំរើន បានធ្វើវីដេអូ ខលមួយ ជាមួយ ពេជ្រ ធារ៉ា ហើយភ្ជាប់សារខ្លីមួយថា “មើលឆន្ទៈក្មេងខ្មែរគេផងចា ស្រលាញ់ក្មេងខ្មែរ មានឆន្ទៈស្នេហាជាតិ”។
ក្នុងនោះ លោកជំទាវ ក៏បានសួរ ក្មេងប្រុសម្នាក់នេះថា “មីងចង់សួរថា ពេលកូនធំទៅ កូនចង់ធ្វើអីគេ?” ភ្លាមៗនោះ ធារ៉ា បានឆ្លើយដោយភាពអង់អាចក្លាហាន ថា “ចង់ធ្វើទាហាន ការពារប្រទេសជាតិ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ៖