អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។
កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។
ដោយពេញចិត្ត ការតស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន និងការអត់ធ្មត់ របស់ ធារ៉ា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន បានជួបប្អូនប្រុសហើយ ថែមទំាងឲ្យកាដូដ៏ពិសេសនេះទៀត។
លោកបានបញ្ជាក់យ៉ាងច្បាស់បន្ថែមថា “ថ្ងៃនេះស្វាគមន៍ ប្អូនប្រុស ដែលបងប្អូនស្គាល់ហើយនោះ នាពេលថ្មីៗនេះ បានមកជួបខ្ញុំផ្ទាល់នឹងគ្រួសារ ព្រមទាំងប្អូនកីឡាករប្រណាំងកង់២រូបទៀត បានមកដែរ ដោយខ្ញុំកាដូ កង់២ មួក២ និងសម្ភារមួយចំនួន ព្រមទាំងសរុបថាវិកា ចំនួន២លានរៀល និងកាដូពិសេសនោះគឺ ខ្ញុំនឹងធ្វើតារាងប្រណាំងកង់ធំមួយ ទុកអោយប្អូនប្រុស និងក្រុមប្រណាំងកង់របស់ប្អូនប្រុស មកចូលរួម នឹងប្រគល់តារាងអោយប្អូនប្រុស ជាអ្នកមើល និងគ្រប់គ្រង។
ហើយអោយមានជំនួយការ និងអ្នកជំនាញ នៅក្បែរសំរាប់ផ្តល់កំលាំងចិត្ត ទុកជាទុនការងារ ដើម្បីប្អូនអភិវឌ្ឍន៍ខ្លួន ទៅមុខទៀត ហើយជាពិសេសខ្ញុំបានសន្យា នឹងទទួលគ្រួសាររបស់ប្អូនប្រុស មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ស្កាយឡែន ដោយមានផ្ទះស្អាតរស់នៅ និងការងារធ្វើផងដែរ។”៕