កាលពីថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ប្រទេសជប៉ុនបានឲ្យដឹងថា រកឃើញករណីឆ្លងវីរុសកូវីដ ១៩ ថ្មីជិត ១ ៥០០ នាក់ ដែលជាចំនួនខ្ពស់បំផុត គិតតាំងពីដើមខែសីហា ឆ្នាំ ២០២០ ដែលសញ្ញានេះ អ្នកជំនាញសុខាភិបាលខ្លះនិយាយថា អាចជាការផ្ទុះនៃរលកទី ៣ ខណៈអាកាសធាតុត្រជាក់ចូលមកដល់ និងមនុស្សភាគច្រើន ចំណាយពេលក្នុងផ្ទះ ដោយគ្មានម៉ាស៊ីនជំនួយដង្ហើមគ្រប់គ្រាន់ ។
ចំនួនករណីឆ្លងសរុបទូទាំងប្រទេស ដែលបានរៀបរៀងដោយសារព័ត៌មាន Kyodo News យកចេញពីទិន្នន័យផ្លូវការ បានបង្ហាញថា ករណីឆ្លងថ្មីនេះ គឺកៀកគ្នាខ្លាំងនឹងករណីឆ្លងត្រឹមមួយថ្ងៃចំនួន ១ ៥៩៦ នាក់ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ ដែលនាំឲ្យមានការភ័យខ្លាចនៃការផ្ទុះឆ្លងនៃរលកទី ៣ ។
ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ ទីក្រុង Tokyo មានអ្នកឆ្លងថ្មីសរុបចំនួន ៣១៧ នាក់ ដែលចំនួននេះគឺខ្ពស់បំផុតប្រចាំក្រុងមួយនេះ គិតតាំងពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ មក នាំឲ្យចំនួនសរុបក្នុងក្រុងមួយនេះឡើងដល់ ៣៣ ៣៧៧ នាក់ ដែលជាចំនួនឆ្លងច្រើនជាងគេបំផុត ធៀបនឹងតំបន់ និងក្រុងដទៃក្នុងប្រទេសជប៉ុន ។
លោក Toshio Nakagawa ប្រធានសមាគមវេជ្ជសាស្ត្រប្រទេសជប៉ុន បានថ្លែងក្នុងសន្និសីដសារព័ត៌មានថា «នេះអាចត្រូវបានចាត់ទុកថា ជារលកទី ៣ នៃការផ្ទុះឆ្លងវីរុសកូវីដ ១៩ » ។ ព្រមគ្នានោះ លោក Yasutoshi Nishimura រដ្ឋមន្ត្រីទទួលបន្ទុកការឆ្លើយតបវីរុសកូវីដ ១៩ ប្រចាំរាជរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ដែរថា «ក្នុងដំណាក់កាលនេះ ពួកយើងស្ថិតក្នុងស្ថានភាពមិនឈានដល់ការប្រកាសអាសន្នឡើយ តែទោះជាយ៉ាងណា ខាងរាជរដ្ឋាភិបាលនឹងបង្កើនវិធានការបន្ថែម ដើម្បីបញ្ចៀសការរាលដាលឆ្លងនៃវីរុសនេះ » ៕