មន្ទីរពេទ្យកាល់ម៉ែត្របានចែករំលែកការយល់ដឹង ចំពោះការទទួលទាន គ្រឿងស្រវឹង និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាពប្រសិនបើអ្នកផឹកជាប្រចាំ និងលើសពីបរិមាណកំណត់ ។
មន្ទីរពេទ្យដ៏ល្បីមួយនេះបានឱ្យដឹងថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺ ជាមូលហេតុចម្បងមួយដែលធ្វើឱ្យមានការរលាកថ្លើមស្រួចស្រាវ និង ការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឱ្យបានត្រឹមត្រូវនោះទេ វានឹងវិវឌ្ឍន៍ទៅជាជំងឺក្រិនថ្លើម និង មហារីករីកថ្លើមផងដែរ ។
ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬ ប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣ កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២កែ វស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាការរលាកថ្លើម ។ ក្នុងនោះដែរស្ដង់ដារនៃការទទួលទានសុរាមានដូចខាងក្រោមនេះ៖
១. ចំពោះស្រាបៀ ១កែវស្តង់ដា ស្មើនឹង 340 មីលីលីត្រ ប៊ី អាល់កុល 5%
២. ចំពោះស្រាក្រហម ១កែវស្ដង់ដា 150 មីលីលីត្រ អាល់កុល12%)
៣. ចំពោះស្រាwhiskey ១កែវស្ដង់ដា 45-50 មីលីលីត្រ អាល់កុល40-45%
ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និង កម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា ។ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរលាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារឱ្យមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និង ពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និង សញ្ញានៃការរលាកថ្លើម ។
នៅក្នុងករណីខ្លះអ្នកជុំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់ វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ ។ ក្នុងករណីការរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរ ដោយសុរា អត្រាស្លាប់គឺខ្ពស់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ ៕