រាជធានីបាងកក៖ រហូតមកដល់ពេលនេះ បាតុកម្មនោះក្នុងប្រទេសថៃ កាន់តែពុះកញ្ជ្រោលឡើង ហើយក្រុមអ្នករត់ម៉ូតូឌុបពាក់អាវពណ៌ទឹកក្រូច កំពុងតែក្លាយជាសម្ព័ន្ធមិត្តរបស់ក្រុមអ្នកតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលថៃ ដឹកនាំ ដោយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ។
សារព័ត៌មាន CNA កាលពីល្ងាច ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ អ្នករត់ម៉ូតូឌុបពាក់អាវពណ៌ទឹកក្រូចទាំងនោះបានផ្តល់មធ្យោបាយធ្វើដំណើរ ព្រមទាំងជួយឃ្លាំមើលស្ថានភាពគ្រោះថ្នាក់នានា ជូនដល់ក្រុមបាតុករនិស្សិតថែមទៀតផង។
ក្រុមសិស្ស និងនិស្សិតថៃ បានចាប់ផ្ដើមផ្ទុះការធ្វើបាតុកម្មឡើង ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ កំពុងតែពុះកញ្ជ្រោលឡើងយ៉ាងខ្លាំង នៅក្នុងទីក្រុងបាងកក។ ក្រុមបាតុករនៅតែទាមទារឲ្យនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលតាក់តែងឡើយ ដោយក្រុមយោធា និងធ្វើកំណែទម្រង់របបរាជានិយមបច្ចុប្បន្ន។
ដោយសារតែរលកបាតុកម្ម ផ្ទុះចេញពីស្រទាប់យុវជនថៃ ហើយមិនស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សនយោបាយណាមួយ ដូចពីអតីតកាល ទើបរដ្ឋាភិបាលពិបាកនឹងដោះស្រាយ។ ប៉ុន្ដែកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចប្រកាសដាក់ទីក្រុងបាងងកក ឲ្យស្ថិតក្នុងក្រោមច្បាប់គ្រាអាសន្ន តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា ។ ក្រោមបទបញ្ជានេះ ប៉ូលិសថៃ បានចេញបង្រ្កាបក្រុមបាតុករ នាថ្ងៃទី១៦ ខែតុលា ទើបនាំឲ្យមានការរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាល អំពីការប្រើប្រាស់អំពើហិង្សាលើអ្នកគ្មានអាវុធ នៅក្នុងដៃ ហើយចុងក្រោយ នាយករដ្ឋមន្រ្ដីថៃ ក៏លុបច្បាប់នោះចោលវិញ។
ដោយឡែក លោក ឈួន លីផៃ ប្រធានសភាថៃ និងជាអតីតនាយករដ្ឋមន្រ្ដីថៃ ក៏បានជំរុញឲ្យសមាជិកសភា មកពីបក្សប្រឆាំង និងបក្សចម្រុះ ដែលកំពុងកាន់អំណាច ចូលសភា ហើយសភា ក៏បានកោះប្រជុំវិសាមញ្ញ កាលពីថ្ងទី២៦-២៧ ខែតុលា ឆ្នាំ២០២។ សមាជិកសភាបក្សប្រឆាំង ភឿថៃ បានជំរុញឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដើម្បីដោះស្រាយបញ្ហាវិបត្ដិនយោបាយនៅថៃ។ ប៉ុន្ដែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដីថៃ បានប្រកាសថា លោកនឹងមិនចុះចេញពីតំណែង នៅក្នុងប្រទេសកំពុងតែប្រឈមនឹងបញ្ហាបែបនេះទេ។
ប្រទេសថៃ មានប្រវត្តិនយោបាយ តែងតែប្រែក្លាយការតវ៉ា នៅតាមដងផ្លូវ ទៅជាអំពើហិង្សា ដោយមានបាតុកម្មទ្រង់ទ្រាយធំ ហើយមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរ។ កាលពីពេលមុនៗ ការធ្វើបាតុកម្មនេះ គឺក្រុមអ្នករត់ម៉ូតូឌុបបានជួយគាំទ្រក្រុមអាវក្រហម ភាគច្រើនជាក្រុមវណ្ណៈកម្មករ គាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ (ត្រកូលស៊ីណាវ៉ាត្រា) ។ ប៉ុន្ដែនាយករដ្ឋមន្រ្ដីទាំង២នាក់បងប្អូននេះ កាន់អំណាច មិនបានប៉ុន្មានផង ក៏ត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ ពីតំណែង ហើយរហូតមកដល់ពេលនេះ ពួកគាត់ត្រូវក្រុមយោធា ដឹកនាំរដ្ឋប្រហារ ដោយលោក ប្រាយុទ្ធ ចាន់អូចា ធ្វើទុក្ខបុកម្នេញ រហូតរត់ភៀសខ្លួន ចោលប្រទេសកំណើតថែមទៀតផង។
ដោយឡែក ចលនាប្រឆាំងនឹងរដ្ឋាភិបាល ដឹកនាំដោយក្រុមនិស្សិតសាកលវិទ្យាល័យនានា នៅតែបន្តធ្វើបាតុកម្ម។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមអ្នករត់ម៉ូតូឌុប មកពីតាមបណ្ដាខេត្តភាគឦសាន និងតំបន់អនាធិបតេយ្យនានា នៅទីក្រុងបាងកក ក៏នឹងចូលរួមធ្វើឲ្យបាតុកម្ម កាន់តែកើនឡើងខ្លាំងជាងមុនទៅទៀត ក្រោយពេលលោក បា្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ប្ដេជ្ញាបន្ដកាន់តំណែងទៅមុខទៀត៕