ប្លែកដែរ!! រៀនចប់បរិញ្ញាបត្រច្បាប់ បែរមកបង្កើតកសិដ្ឋានចិញ្ចឹមរុយ រកចំណូលបានរាប់ពាន់ដុល្លារ…

វាជារឿងដែលគេពុំធ្លាប់បានដឹងពីមុនមកថា នៅក្នុងប្រទេសកម្ពុជាមានកសិដ្ឋានចិញ្ចឹមសត្វរុយនោះទេ ស្តាប់ទៅពិតជាចម្លែកខ្លាំងណាស់ ។ យុវជន សៅ សែនសំណាង បានរៀនបញ្ចប់បរិញ្ញាប័ត្រផ្នែកច្បាប់ ដោយសារតែការស្រឡាញ់ផ្នែកវិស័យកសិកម្មនោះ លោកបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វរុយមួយ ដើម្បីយកពង និង ដង្កូវរបស់វាលក់ ដែលក្នុងមួយខែៗយុវជនរូបនេះ អាចរកចំណូលបានច្រើនគួរសមពីរបរចិញ្ចឹមសត្វរុយនេះ ។

វាជាប្រភេទសត្វរុយម្យ៉ាង ដែលមានលក្ខណខុសប្លែកពីប្រភេទសត្វរុយយើងធម្មតា ហើយសត្វរុយប្រភេទនេះ ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ តែភាគច្រើននៅតំបន់ខ្ពង់រាប ។ កសិដ្ឋានចិញ្ចឹមសត្វរុយរបស់យុវជន សៅ សែនសំណាង មានទីតាំងស្ថិតនៅក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែន សុខ រា​ជធានីភ្នំពេញ ។ យុវជនរូបនេះ បានប្រកបរបរ និង បើកកសិដ្ឋានចិញ្ចឹមសត្វរុយនេះ តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ។ ការចិញ្ចឹមរុយប្រភេទនេះគឺដើម្បីយកពង និង ដង្កូវរបស់វា សម្រាប់ជាចំណីសត្វមាន់ ទា ត្រី បង្កង សត្វត្រចៀកកាំ និង ប្រភេទត្រីសមុទ្រដទៃទៀត ក៏វាស៊ីចំណីដង្កូវ ដែលកើតចេញពីសត្វរុយនេះដែរ ។

យុវជន សៅ សែនសំណាង បានរៀបរាប់ថា មូលហេតុ ដែលនាំឱ្យរូបខ្ញុំបើកកសិដ្ឋានចិញ្ចឹមសត្វរុយនេះ គឺដោយសារពួកខ្ញុំ ក៏ជាអ្នកចិញ្ចឹមសត្វមាន់ និង ត្រីដែរ ដោយសារតែចំណីបាវ ឬ ចំណីដទៃទៀត វាមានតម្លៃថ្លៃពេក មិនអាចឱ្យការចិញ្ចឹម មាន់ ទា និង ត្រីទទួលបានផលចំណេញច្រើននោះ ទើបយើងរិះរកប្រភេទចំណី ដែលមានតម្លៃថោក ហើយខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវទៅឃើញថា ការចិញ្ចឹមរុយ ដើម្បីយកពង និង ដង្កូវ សម្រាប់ជាចំណីឱ្យសត្វមាន់ ឬ ត្រីស៊ីនោះគឺទទួលបានផលចំណេញច្រើន ខ្ញុំក៏ចាប់ផ្តើមយកការចិញ្ចឹមសត្វរុយនេះតែម្តង ។ ដោយមុនដំបូងខ្ញុំបានរៀនជំនាញបច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយពីគ្រូខែ្មរ និង គ្រូជនជាតិបរទេសចំនួន ៣នាក់ ។ ក្នុងការចិញ្ចឹមសត្វរុយនេះ មុនដំបូងគឺខ្ញុំបានទៅទិញពងរុយមកពីប្រទេសម៉ាឡេស៊ីចំនួន ១គីឡូក្រាមក្នុងតម្លៃ ១០០០ដុល្លារ ដើម្បីយកមកទុកឱ្យវាញាស់ចេញជាដង្កូវ ហើយមិនយូរប៉ុន្មាន សត្វដង្កូវនោះ ក៏វិវត្តន៍ខ្លួនក្លាយទៅជាសត្វរុយ ហើយសត្វរុយទាំងនោះ ក៏ចាប់ផ្តើមពងបន្តទៀត ។

ទីផ្សារដង្កូវ ដែលយុវជន សែនសំណាង លក់រាល់ថ្ងៃនេះ គឺ មានតម្លៃ ១០ ដុល្លារក្នុង១គីឡូក្រាម ។ ចំណែកពងរុយវិញគឺលក់តម្លៃ ១០០ ដុល្លារក្នុង ១ ខាំ ហើយក្នុង ១ ខែៗយុវជនរូបនេះ លក់ដង្កូវ និង ពងរុយបានច្រើនគួរសមដែរ ។ ហើយការចិញ្ចឹមសត្វរុយ ដើម្បីយកពង និង ដង្កូវ ឱ្យសត្វមាន់ ឬ ត្រីស៊ីនោះគឺទទួលបានផលចំណេញច្រើនជាងការដាក់ចំណីបាវចន្លោះពី ៥០ ទៅ ៦០ភាគរយ ។

*** បច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយ

យុវជន សៅ សែនសំណាង បានប្រាប់ពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយនេះថា ដង្កូវ​ ដែលញាស់ចេញពីពងរុយមានជីវិតរហូតដល់ងាប់គឺមានរយៈពេល​ 45ថ្ងៃ ។

-បន្ទាប់ពីវាពងបាន​ 3ថ្ងៃ វាចាប់ផ្តើមញាស់ក្លាយជាង្កូវ ហើយរយៈពេល​ចាប់ពី​ 14ថ្ងៃ​ ដល់​ 21ថ្ងៃគឺយើងអាចប្រមូលផលពីវាបាន នៅកំឡុងពេលនេះជាវ័យដែលសំបូរប្រូតេអុីនខ្លាំង ដង្កូវ​ឡេីងពណ៍ខ្មៅ​ ឬហៅថា​ Lavae មានអាយុ​ ចាប់ពី​ 7ទៅ​10ថ្ងៃ(ថ្ងៃទី​ 24 -35) ។

-រុយមានអាយុ​ពី 13 ទៅ​ 15ថ្ងៃ​ ក្រោយពីពងបាន​បីថ្ងៃ វាបានងាប់ទៅវិញ

-ក្នុង1ម៉ែត្រ​ការ៉េ​ នៃអាងចិញ្ចឹមយេីងអាច​ដាក់ចិញ្ចឹមដង្កូវបាន​ 10kg ហើយក្នុង 2ម៉ែត្រ​ការ៉េ​ដង្កូវ​ ដែលមានដង្កូវ​កម្ពស់​ 5cm វាសុីចំណី​ 15kg ក្នុងមួយថ្ងៃ​ វាសុីអត់ឈប់ទេ ។

-រុយមួយក្បាលអាចពងបានពី​ 500 ទៅ​ 1000ពង ហើយវាញាស់ជាដង្កូវបាន 100 kg ហើយពង​ 100g អាចញាស់បាន​ដង្កូវពី 100kg ទៅ 150kg តិចឬច្រេីន ទៅតាមការចិញ្ចឹម ។

-រុយមិនសុីចំណីទេ​ តែវាផឹកទឹកជាប្រចាំ​ វាត្រូវការពន្លឺ​ និងកំដៅ ដង្កូវខ្មៅ​ មិនសុីចំណីទេ​ វានឹងវាចេញពីអាងចិញ្ចឹម​ភ្លាម​ ក្រោយពីវាប្រែក្លាយជាពណ៍ខ្មៅ​ ដេីម្បីត្រៀមខ្លួនក្លាយជារុយ​ វាត្រូវការទីងងឹត​ និងកន្លែង ដែលស្ងួត​ សីតុណ្ហភាព​ត្រជាក់​ ល្មម ។៊

**ប្រភេទចំណី

ប្រភពចំណីរបស់សត្វរុយ​ BSF មានគ្រប់កន្លែងដែលងាយស្រួលក្នុងការរកបំផុត​ ហេីយចំណីទាំងនោះ ត្រូវបានប្រែក្លាយជាជីកំប៉ុស​ នៅពេលដែលដង្កូវវាឈប់សុីជាអាហារ។ ចំណីរបស់វារូមមាន​ :​ កាកសណ្តែកសៀង​ កាកស្រាបៀ​ កាកសំណល់ផ្ទះបាយ​ បន្លែផ្លែឈេី​គ្រប់ប្រភេទ​ អាសូឡា​ លាមកសត្វ​ មាន់​ គោ​ ជាដេីម​ ។ ចំណីដែលត្រូវដាក់ ត្រូវកិនរឺហាន់ឱ្យតូចកាន់តែប្រសេីរ​ ហេីយត្រូវមានសំណេីមចន្លោះ​ ពី​ 70% ទៅ​ 80%។យេីងត្រូវផ្តល់ចំណីដែលសម្បូរប្រូតេអុីនៅរយៈពេលប្រាំថ្ងៃដំបូង បន្ទាប់ពីវាញាស់​ បន្ទាប់មកគឺអាចផ្តល់ចំណីបានតាមធម្មតាហេីយ​ ដូចជាកាកស្រាបៀ​ កាកសំណល់ផ្ទះបាយ ​បន្លែផ្លែឈេី​គ្រប់ប្រភេទ​ អាសូឡា​ លាមកសត្វ​ ក៏បាន ។ ការប្រមូលផល​ larvae បន្ទាប់ពីការឱ្យចំណី​ និងថែទាំហេីយ យេីងអាចប្រមូលផល​បានហេីយក្នុងរយៈពេល​ 14 ថ្ងៃ ព្រោះអាយុនេះគឺសម្បូរប្រូតេអុីនបំផុត​ ។

**របៀបថែទាំ

យេីងត្រូវផ្តល់ចំណីឱ្យវាស៊ីឱ្យបានទៀតទាត់ដេីម្បីឱ្យការលូតលាស់វាកាន់តែល្អ​ ដោយ​ 2ម៉ែត្រការ៉េ​ ដាក់ចំណីឱ្យវាស៊ី​ 15kg ។ ត្រូវបាញ់ទឹកជាប្រចាំដេីម្បីផ្តល់សំណេីម​ (បាញ់ទឹកសាច​ មិនមែនស្រោចទឹកទេ​ )។ ការពារ​ដង្កូវពីសត្រូវរបស់វារួមមាន​ ៖ស្រមោច​ កន្លាត​ មាន់​ ជ្រូក​ សត្វចាប​ កណ្តុរ​ ជាដេីម ។

ដង្កូវខ្មៅ​ វាមិនសុីចំណីទៀតទេ​ វានឹងវាចេញពីអាងចិញ្ចឹមដោយខ្លូនឯង​ ដែលបានរៀបចំរួចជាស្រេច​។ វានឹងធ្វេីការបំលាស់ទៅទី ដែលមានសុវត្តិភាព​ ។ ​ សីតុណ្ហភាព​ដែលសាកសមសម្រាប់​ការចិញ្ចឹមឱ្យមាន​គុណភាព​ល្អ និងបានផលច្រេីននោះគឺ​ចន្លោះពី 22 ទៅ​ 32 អង្សារសេ​ ដែលខុសពីរុយត្រូវការពន្លឺ​ និងកំដៅថ្ងៃខ្លាំង​ គឺ​ ចាប់ពីរ​ 32អង្សារឡេីងទៅ ។

បើចង់ដឹងព័ត៌មានលម្អិតពីការចិញ្ចឹមសត្វរុយនេះ អាចទាក់ទងទៅយុវជន សៅ សែនសំណាង ​ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖០៩៦ ៤៧៨ ៧៦៧៦ ៕

Related posts

Leave a Comment