ភ្នំពេញ៖ ហេតុការណ៍នេះ បង្ករឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅចំនុចហាងលក់ទូរស័ព្ទដៃយីហោ «ឬទ្ធីមង្គល» តាមបណ្តោយផ្លូវលេខ៩៣ មុខសាលាបឋមសិក្សាពញ្ញាឮ ស្ថិតក្នុងសង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ ។ ជនស ង្ស័យដែលចាប់បានរូបនេះមានឈ្មោះ ធី ធឿន ភេទប្រុស អាយុ 18 ឆ្នាំ ស្នាក់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ សយ រិទ្ធី ភេទប្រុស អាយុ33ឆ្នាំ មានមុខរបរបើកហាងលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ220 ផ្លូវ93 ក្រុម11 សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគាត់កំពុងតែចុចទូរស័ព្ទដៃសុខៗ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1F8700 ដោយមិនដឹងថាមកពីណានោះទេ បានចូលមកហាងលក់ទូរស័ព្ទដៃគាត់ រួចហើយធ្វើជាតថ្លៃទូរស័ព្ទដៃម៉ាក iPhone 11ពណ៌ក្រហម ដែលលក់ក្នុងតំលៃជាង600ដុល្លា។
ជនរងគ្រោះបន្តថា លុះពេលតថ្លៃត្រូវរ៉ូវគ្នាហើយ ជនរងគ្រោះក៏ចូលក្នុងមួយភ្លែត ស្រាប់តែជនសង្ស័យរូបនេះបានយកទូរស័ព្ទដៃ ហើយបំរុងនឹងរត់គេចខ្លួន ប៉ុន្តែត្រូវបានរូបគាត់ (ម្ចាស់លក់ទូរស័ព្ទដៃ) ដឹងខ្លួនទាន់ ក៏រត់ដេញតាម និងស្រែកថា «ចោរៗ» ទើបបានប្រជាពលរដ្ឋនាំគ្នាចាប់បាន បន្ទាប់មកក៏នាំគ្នាវាយមួយដៃវាយមួយជើង បណ្តាលឱ្យទ្រមខ្លួន ទើបទំនាក់ទំនងហៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ1 ចុះមកអន្តរាគមន៍ឃាត់យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ។
ប្រភពដដែលបន្តថា លុះក្រោយពេលទៅដល់ប៉ុស្តិ៍ ទើបជនសង្ស័យបាននិយាយថា ខ្លួនជិះមកពីម្តុំស្ពានលីយ៉ុងផាត់ ហើយចំពោះមូលហេតុដែលលួចយកទូរស័ព្ទដៃគេនោះ គឺមកពីអត់លុយមើលឪពុកឈឺ ទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្តង ចំណែកឯជនរងគ្រោះវិញបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែ1 ។ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី៕