អបអរសាទរកម្ពុជា! ទីក្រុងសៀមរាបត្រូវបានប្រកាសជា «ទីក្រុងវប្បធម៌អាស៊ាន»

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (The 9th ASEAN Minister Meeting on Culture and Arts) ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។

ក្រៅពីនោះ អ្វីដែលពិសេសគឺ ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជា ទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ជូនថា ចាប់ពីឆ្នាំ ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន ។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល ០២ ឆ្នាំ ។

ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន

១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១

២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នំា ២០១២-២០១៣

៣. ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥

៤. ទីក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ឆ្នាំ ២០១៦-២០១៧

៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០ ៕

Related posts

Leave a Comment