កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូវព្យូរ។
បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។
លុះ មកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន របស់លោក មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សារជាថ្មី ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រោយពីទទួលបានដំណឹងថា បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង គេឃើញ លោកបង សុវណ្ណ រិទ្ធី បានបង្ហោះសារមួយថា “ខ្ញុំសូមបួងសួងដល់ទេវតា តាមជួយការពារថែរក្សាប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ”។
ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ សាធុ សាធុ សាធុ, សាធុលោកបង, ករុណាលោកបង៕