រំជួលចិត្ត!! ដោយក្តីស្រឡាញ់ចំពោះទឹកចិត្តកងទ័ពជួយសង្រ្គោះពីទឹកជំនន់, ប្រជាពលរដ្ឋផ្ញើបាយខ្ចប់ស្លឹកចេកមួយប្រអប់ជូនកងទ័ពនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយភ្ជាប់ជាមួយសំបុត្រ «អរគុណដ៏រំភើប»

(បន្ទាយមានជ័យ)៖ «បាយខ្ចប់ស្លឹកចេកជាមួយពងទាចៀន និងត្រីចៀន» ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលរួចផុតពីគ្រោះទឹកជំនន់ ផ្ញើជូនបងៗកងទ័ពដែលកំពុងបំពេញ បេសកកម្មជួយសង្រ្គោះជនរងគ្រោះពីទឹកជំនន់ ស្ថិតនៅឃុំគោកបឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែអ្វីដែលពិសេសនៅក្នុងបាយខ្ចប់ស្លឹកចេកនោះ មានភ្ជាប់ ជាមួយសំបុត្រសរសេរដោយដៃ «ថ្លែងអំណរគុណ» ចំពោះកងទ័ព ដែលបានជួយសង្រ្គោះប្រជាជនគេចចេញពីតំបន់គ្រោះថ្នាក់ដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព។

បាយកញ្ចប់ និងសំបុត្រនេះត្រូវបានលោកនាយចំណង់ ឌឿ ឌី មេបញ្ជាការ ខ៣ គ៣ ឃ៥១៤ ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នាភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សំណេរនៅក្នុងសំបុត្របានសរសេរថា៖ «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទហានដែលបានជួយសង្រ្គោះប្រជាជន នៅឃុំគោកកឋិន ទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។

ការផ្ញើសំបុត្រ «ថ្លែងអំណរគុណ» តាមកញ្ចប់បាយជាសកម្មភាពមួយបង្ហាញពីការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ជួយសង្រ្គោះប្រជាជន ហើយសំបុត្រសរសេរដោយដៃនេះក៏បានធ្វើឲ្យបងៗកងទ័ពភ្ញាក់ផ្អើល និងមានក្តីរំភើបណាស់៕

អត្ថបទដោយ៖ Fresh News

Related posts

Leave a Comment