សុំកម្លាំងចិត្តម្នាក់មួយមក សាមគ្គីគ្នាល្អណាស់! ពលរដ្ឋស្រុកម៉ាឡៃ ធ្វើស៊ុបគោប៉ូវកម្លាំងកងទ័ពជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់…

ភាគច្រើន យើងប្រាកដជាធ្លាប់បានឮហើយនូវពាក្យស្លោកមួយឃ្លាដែលលើកឡើងថា «ចង្កឹះមួយបាច់កាច់មិនបាក់» ។ ជាការពិតណាស់ ការប្រាស្រ័យទាក់ទង រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាយើងកំពុងតែរងការវាយប្រហារយ៉ាងខ្លាំងក្លាពីឥទ្ធិពលជំនន់ទឹកភ្លៀង បានបណ្តាលឱ្យលិចលង់ផ្ទះសម្បែង និង ប្រជាជនរងគ្រោះជាច្រើនគ្រួសារ ពីតាមបណ្តាខេត្តនានា ។

ជាមួយគ្នានោះដែរ វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួន បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនរស់នៅក្នុងស្រុក ម៉ាឡៃដែលបានខិតខំនាំគ្នា ចម្អិនម្ហូបយ៉ាងមានឱជារស សម្រាប់កងកម្លាំង ដើម្បីបំពេញថាមពលទុកសម្រាប់ជួយបងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់បន្តទៀត ។

វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួន បានបង្ហោះសារថា៖ «សូមអរគុណ ប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ដែលធ្វើស៊ុបឲ្យកងកម្លាំងហូប ពេលដែលកំពុងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ សូមជួនពរប្រជាពលរដ្ឋ ព្រមទាំងអាជីវករស្រុកម៉ាឡៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន នឹងជួបតែពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លៀងឡើយ» ។

ទោះបីជាតិចតួចស្តួចស្តើងយ៉ាងណាក្តី ប៉ុន្តែសកម្មភាពនេះ បានបង្ហាញពីទឹកចិត្តដ៏បរិសុទ្ធរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលចេះជួយយកអាសារគ្នាក្នុងគ្រាមានអាសន្នអន់ក្រនេះ ៕

Related posts

Leave a Comment