កាលពី ព្រលប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចតេជោ បានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផេក “រដ្ឋបាលរាជធានីភ្នំពេញ” បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “រដ្ឋបាលរាជធានីភំ្នពេញ បានបន្តនាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រួមទាំងបានរៀបចំម្ហូបអាហារជាប្រចាំថ្ងៃ និងបានបំពាក់នូវម៉ាសុីនបោកគក់ និងម៉ាសុីនសម្ងួតសំលៀកបំពាក់ នៅហ្នឹងកន្លែង ដោយឥតគិតថ្លៃ( មុខផ្សារព្រែកជ្រៃ ) ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕”៕