អាសូរណាស់លោកអើយ! ឆ្លងទឹកហូរទៅបេះម្ទេស កូនរអិលជើង ម្តាយចុះជួយ លង់ទឹកស្លាប់ទាំងពីរ…

នៅវេលាម៉ោង ១២ៈ៣០ នាទី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ នេះ មានករណី លង់ទឹកស្លាប់ទាំង ម្ដាយ និង កូននៅចំណុចអាងគ្រុឌ ខាងជើង ឈាងខាងកើតភូមិព្រៃវែង ចំងាយប្រមាណ ៣០០ ម៉ែត្រ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ដាយមានឈ្មោះ លីន សាង ស្រី អាយុ ៤២ ឆ្នាំ ចំណែកឯ កូនស្រី មានឈ្មោះ សន ស្រីអឿង អាយុ ១៦ ឆ្នាំ។ បច្ចុប្បន្ន អ្នកទាំងពីរ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មូលហេតុដែលបណ្ដាលឱ្យស្លាប់ គឺអ្នកទាំងពីរបានដើរឆ្លងទឹកហូរដើម្បីទៅបេះម្ទេស តែជាអកុសល កូនស្រីរអិលជើងធ្លាក់ចូលក្នុងទឹក។ ភ្លាមៗនោះ ម្តាយបានចុះទៅជួយកូនស្រី តែមិនអាចជួយបាន ហើយបណ្ដាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ លោក វ/ឯ សៅ សារឿន អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចុះជួយរាវរកដល់កន្លែងកើតហេតុ លុះរហូតដល់ម៉ោង ១៤ៈ៥០ នាទី បានរកឃើញសពកូនស្រី និងកំពុងបន្ដរកសពម្ដាយទៀត៕

Related posts

Leave a Comment