ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាប្រជាជនជប៉ុន គឺជាជាតិសាសន៍ដែលមានវិន័យ មានរបៀបរៀបរយនៅក្នុងការរស់នៅតាំងពីការស្លៀកពាក់ ដេកដើរ ឈរអង្គុយ ពិសេសនោះគឺការគោរពសិទ្ធិអ្នកដទៃ ការថែរក្សាបរិស្ថានជាដើម ។
ដោយសារតែទម្លាប់គោរពវិន័យបានល្អបែបនេះហើយ ធ្វើឱ្យជនជាតិមួយនេះតែងទទួលបានការកោតសរសើរ ថាពិតជាមានរបៀបណាស់ ទីណាមានជនជាតិជប៉ុន ទីនោះតែងតែមានរបៀបរៀបរយជានិច្ច ។ ជាក់ស្ដែងម្ចាស់ផ្ទះជួលមួយកន្លែងនៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ
មានការភ្ញាក់ផ្អើល លាន់មាត់សរសើរជាខ្លាំង ទៅលើប្ដីប្រពន្ធជនជាតិជប៉ុន ក្រោយជួលរស់នៅបាន ១ ឆ្នាំ ផ្ទះមានរបៀបរៀបរយ រៀបចំទុកដាក់ទៅតាមកន្លែង គ្មានទើសភ្នែក ហើយផ្ទះនៅតែថ្មីដដែលមិនមានប្រឡូកប្រឡាកឡើយ ។
បើកញ្ញា ណេងណេង ដែលត្រូវជាប្អូនស្រីបង្កើតរបស់ម្ចាស់ផ្ទះនៅជ្រោយចង្វារនោះប្រាប់ថា ប្ដីប្រពន្ធជនជាតិជប៉ុននោះ បានទៅជួលរស់នៅបាន ១ ឆ្នាំ ហើយអ្នកទាំងពីរទើបតែទៅលេងស្រុកំណើតនៅជប៉ុនមុនពេលផ្ទុះជំងឺកូវីដ ១៩ ហើយថានឹងវិលត្រឡប់មកវិញ តែគួរឱ្យស្ដាយដោយសារតែជំងឺរាតត្បាតខ្លាំងអ្នកទាំងពីរមិនអាចវិលមកវិញបានទេ ។
ក្រោយប្ដីប្រពន្ធអ្នកទាំងពីរបានចាកចេញទៅ មិនបានទុកឱ្យម្ចាស់ផ្ទះមានក្ដីកង្វល់រៀបចំបោសសម្អាតផ្ទះនោះទេ គឺពួកគេមានរបៀបរស់នៅល្អណាស់ តាំងពីផ្ទះបាយ បន្ទប់គេង បន្ទប់ទឹក គ្មានបន្សល់សំរាមមួយសរសៃឡើយ ៕