ប្រសើរណាស់!! ចិន ប្រកាសនឹងផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺCovid-19 ដល់ប្រទេសកម្ពុជា ដែលជាមិត្តដែកថែប…

តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសថា នឹងផ្ដល់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកម្ពុជា ដែលជាមិត្ដដែកថែមរបស់ចិន។

ការប្រកាសផ្ដល់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ខណៈពេលដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកអំពីករណីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ក្នុងនោះក៏បានស្នើសុំភាគីមិត្តចិនផ្តល់វ៉ាក់សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ហើយក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍន៍រួមគ្នា។ ឯកឧត្ដមបានគូសបញ្ជាក់ថា វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 នោះទេ តែកាន់តែមានច្រើនថែមទៀតក្នុងការមកវិនិយោគនៅកម្ពុជា

ហើយភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយ័ន(ប្រហែល១៤០លានដុល្លារ)។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសចិនក៏បានសន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា ជាពិសេសចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ក្នុងនោះក៏បានស្នើឱ្យកម្ពុជាគាំទ្រចំពោះចិន ដែលបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល។

ឯកឧត្តម វ៉ាង យី ក៏បានកោតសរសើរសម្ដេចតេជោនាយករដ្ឋមន្រ្ដីដែលបានទប់ស្កាត់Covid-19 បានជោគជ័យ ហើយចាត់ទុកការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានខិតខំកន្លងមក។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា កម្ពុជា នឹងចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់ Covid-19។ លើសពីនេះទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឱ្យបានច្រើន ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខរបស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០ ០០០តោន។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្ដថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ(ដែលបានចុះអនុស្សរណៈរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឱ្យបានឆាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា កន្លងមកមិត្តចិនបានទិញកសិផលពីកម្ពុជាបានច្រើនមួយចំនួនហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម ហើយឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីក៏បានស្នើមិត្តចិនជួយទិញឱ្យបានច្រើនថែមទៀត ព្រមទាំងជួយទិញផលិតផល ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន(មៀនប៉ៃលិន)។ល។

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោងចំនួន៨ រួមមាន គម្រោងត្រៀមចុះហត្ថលេខាលើគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។ គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៧ គម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ។ ចំពោះគម្រោងដែលកំពុងរៀបចំ រួមមាន គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១៕

Related posts

Leave a Comment