វីដេអូខ្លីចំនួន ៣ ត្រូវបានគេកត់សម្គាល់ឃើញមានការចែកចាយព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយក្នុងវីដេអូនោះបានបង្ហាញពីសកម្មភាពជម្លោះតឹងសរសៃកផ្អើលរោងបុណ្យសពនៅទីតាំងមួយកន្លែង ក្នុងខេត្តបាត់ដំបង បន្ទាប់ពីមានអ្នកជិតខាងជាស្ត្រីពីរនាក់ទំនងម្តាយកូន បានកើតទុក្ខមិនសុខចិត្តឱ្យម្ចាស់បុណ្យសពរុះរើរោងបុណ្យ ក៏ដូចជាមេរុដែលត្រៀមសម្រាប់តម្កល់ និង បូជាសពចេញទៅធ្វើនៅទីវត្តជាបន្ទាន់ ព្រោះគាត់ភ័យខ្លាចថា ពេលបូជាសពទៅអាចមានភ្លើង ឬ កំដៅធ្វើឱ្យប៉ះពាល់ខ្សែភ្លើងគាត់ អាចទុស្សេបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតកូនចៅរបស់គាត់នៅឯផ្ទះ ។
រឿងរ៉ាងជម្លោះតឹងសរសៃកនេះ បានកើតឡើងកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ហើយការចេញមកបង្កទំនាស់ដោយយល់ឃើញដូចខាងលើ និង គ្មានការយោគយល់គ្នាពីសំណាក់អ្នកជិតខាងជាស្រ្តីរូបនោះដែរ បានធ្វើឱ្យក្រុមគ្រួសារសព ក៏ដូចជាភ្ញៀវដែលបានមកចូលរួមនោះ កើតក្តីហួសចិត្តឥតឧបមា ដោយក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនធំក៏បានចូលរួមបញ្ចេញមតិទម្លាក់បន្ទុករិះគន់ស្រ្តីអ្នកជិតខាងលើនោះយ៉ាងចាស់ដៃផងដែរ ។
បើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ Sëäv Fäng បានបង្ហោះវីដេអូខ្លីៗចំនួន ៣ នោះចូលក្នុងបណ្តាញសង្គម និង អះអាងថាខ្លួនជាកូននៃសព បានរៀបរាប់យ៉ាងហួសចិត្តថា «ហួសចិត្ត សុំស៊ែរម្នាក់មួយផង បងប្អូនក្រុមគ្រួសារខ្ញុំកំពុងតែមានទុក្ខ គាត់នៅបន្ថែមទុក្ខមកឱ្យពួកខ្ញុំទៀត ចិត្តមនុស្សពិតជាចង្អៀតចង្អល់មែន» ។ ម្ចាស់គណនីហ្វេសប៊ុកដដែលនេះក៏បានឱ្យដឹងបន្តទៀតថា «បញ្ជាក់មិនមែនរោងបុណ្យចូលដីគាត់ទេ គឺខ្សែភ្លើងរបស់គាត់កាត់មុខផ្ទះរបស់ខ្ញុំ» ។
ទោះជាយ៉ាងនេះក្ដី យើងក៏មិនអាចសន្មតថាភាគីខាងណាបំពានខាងណានោះច្បាស់នៅឡើយទេ ដោយសារវីដេអូមានរយៈពេលខ្លី ហើយមិនអាចកាត់យល់ពីដើមហេតុឱ្យបានច្បាស់លាស់នោះ ប៉ុន្តែយ៉ាងណាបើសិនជាមានការអត់ឱន និង យោគយល់គ្នាដោយឃើញភាគីម្ខាងកំពុងមានទុក្ខនោះ រឿងហេតុនេះទំនងជានឹងមិនកើតមានឡើងឡើយ ៕