ឡូយណាស់! អស់ត្រឹម ២៥ម៉ឺនរៀល បានបណ្ណបើកបរអន្តរជាតិអាចបើកបរ ៩៩ ប្រទេសឯណោះ…

កាលពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី ១ ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ថា ចាប់ពីខែ សីហា ឆ្នាំ២០២០ តទៅ ក្រសួងនឹងចាប់ផ្តើមចេញបណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋខ្មែរ ជាការសម្រួលដល់ពួកគាត់ អាចបើកបររថយន្តនៅប្រទេសក្រៅបាន ។

យោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល បណ្ណបើកបរខ្មែរមិនអាចបើកបរនៅក្រៅប្រទេសបានឡើយ ។ ដូច្នេះដើម្បីសម្រួលត្រង់ចំណុចនេះ ហើយម្យ៉ាងវិញទៀតកម្ពុជាក៏ជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិដែរនោះ ក្រសួងអាចចេញប័ណ្ណបើកបរអន្តរជាតិនេះបាន ។

ដើម្បីឱ្យប្រជាជនបានជ្រាបជាព័ត៌មាន ក្រសួងសាធារណៈការ បានចេញសេចក្តីណែនាំស្តីពីការយល់ដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិថ្មីនេះ នៅក្នុងទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ។ ក្នុងនោះ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨ x ១០៥ មីលីម៉ែត្រ និង មានសុភាពរយៈពេល ១ឆ្នាំ ។

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និង មានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៤៩ ។

សម្រាប់បណ្ណអនុញ្ញាតបើកបរអន្តរជាតិមួយត្រូវបង់កម្រៃសេវា ២៥០ ០០០រៀល ។ ចំណែកឯ ទីតាំងផ្តល់សេវាគឺស្ថិតនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣) ។

សូមបញ្ជាក់ថាដើម្បីធ្វើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ អ្នកបើកបរត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា៖

១.ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា

២.ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (ចំពោះជនបរទេស)

៣.រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក)

៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះ ដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់ ៕

Related posts

Leave a Comment