តាមពិតម្ចាស់សណ្ឋាគារនៅថៃ ដែលចម្លងតាមរថនាបថប្រាសាទខ្មែរ គឺជាសញ្ជាតិខ្មែរ…

ថ្មីៗនេះ ប្រជាជនកម្ពុជា ជាពិសេសអ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្ទុះប្រតិកម្មជាខ្លាំង ចំពោះសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសថៃដែលមានរចនាបថដូចជាប្រាសាទល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជាប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និង ជាពិសេសគឺប្រាសាទអង្គរវត្តដែលជាអត្តសញ្ញាណជាតិខ្មែរផ្ទាល់តែម្តង ។

ជុំវិញការផ្ទុះប្រតិកម្មនេះ តាមសារព័ត៌មាន បាងកកប៉ុស្តិ៍បានឱ្យដឹងថាម្ចាស់សណ្ឋាគារខាងលើគឺជាប្តីប្រពន្ធមានសញ្ជាតិខ្មែរ មានភាគហ៊ុនជាមួយជនជាតិថៃផ្សេងទៀតក្នុងការបើកដំណើរការសណ្ឋាគារនេះឡើង ដែលការសាងសងទៀតសោតគឺជាការសហការគ្នារវាងជនជាតិខ្មែរ និង ជានជាតិថៃផ្ទាល់តែម្តង ។

ជាមួយគ្នានោះ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០ ម្ចាស់សណ្ឋាគារ Le Palais Hotel ក៏បានធ្វើលិខិតសុំអភ័យទោសនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដែរ ។

តាមទំព័រហ្វេសប៊ុកផេកឈ្មោះ Le Palais បានលើកឡើងពីគោលបំណងដែលនាំឱ្យមានការច្នៃប្រឌិតនេះឡើងជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា ៖ «សណ្ឋាគារ Le Palais Hotel កោះផាង៉ាន ត្រូវបានបំផុសគំនិតចេញពីភាពអស្ចារ្យនៃតំបន់ប្រាសាទអង្គរវត្ត ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ។ កម្ពុជាគឺជាទឹកដីកំណើតរបស់ស្ថាបនិកយើង ដែលតែងតែនៅដក់ជាប់ជាពិសេសក្នុងដួងចិត្តរបស់គាត់ជានិច្ច ។ ចំណែកប្រទេសថៃគឺជាផ្ទះទី ២ របស់លោក ដែលគាត់បានរកឃើញនៅភាពស្ងប់សុខក្នុងអារម្មណ៍លើដែនដីនៃស្នាមញញឹមនេះ» ។

ខាងសណ្ឋាគារក៏បានបន្ថែមថា ការសាងសង់សណ្ឋាគារនេះឡើងគឺពោរពេញដោយភាពស្ងើចសរសើរជាទីបំផុតចំពោះរចនាបថទាំងអស់ យ៉ាងណាមិញប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្តនៅតែមានលក្ខណៈអស្ចារ្យជាទីបំផុតដែលគ្មានអ្វីអាចប្រៀបប្រដូចបានឡើយ ។

យ៉ាងណាមិញ បើតាមឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ ផាង៉ាន ប្រទេសថៃ គឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ ពិតជាបានធ្វើការសូមទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។ ការសុំទោសនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះឯង ៕

Related posts

Leave a Comment