ថ្នាក់ដឹកនាំគំរូ ! រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំកម្មវិធី លែងពូជកូនត្រី ចំនួន ២០,០០០ក្បាល ទៅក្នុងបឹងឈូក ដែលជាបឹងធម្មជាតិ មិនចេះរីងស្ងួត មានទឹកថ្លាស្អាត និងជាតំបន់ទេសចរណ៍ ដ៏ស្រស់បំព្រងមួយ…

នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់ឲ្យដឹងថា ៖

“«លែងកូនត្រីធម្មជាតិ២០,០០០ក្បាលទៅក្នុងបឹងឈូក»៖ ធ្លាប់តែទទួលបានផលពីបឹង ថ្ងៃនេះបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីនៅក្នុងតំបន់បឹងឈូក។

ដោយមានការសហការ និងបដិភាគថវិកា ពីសហគមន៍ទេសចរណ៍បឹងឈូក រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំឱ្យមានកម្មវិធី លែងពូជកូនត្រីធម្មជាតិចំនួន៣ប្រភេទ (ត្រីប្រា ត្រីក្រាញ់ ត្រីឆ្ពិន) សរុបចំនួន ២០,០០០ក្បាល ទៅក្នុងបឹងឈូក ដែលជាបឹងធម្មជាតិ មិនចេះរីងស្ងួត មានទឹកថ្លាស្អាតគ្មានការបំពុលបរិស្ថាន និងជាតំបន់ទេសចរណ៍ ដ៏ស្រស់បំព្រងមួយ នៅក្នុងស្រុកបន្ទាយស្រី ។

កន្លងមក រដ្ឋបាលស្រុកបានជម្រុញឱ្យសហគមន៍បឹងឈូកពង្រីកវិសាលភាពរបស់ខ្លួនបន្តិចម្តងៗពីសហគមន៍ទេសចរណ៍ មកជាសហគមន៍ដែលជួយគាំពារការងារអភិរក្ស ដូចជាថែរក្សាព្រៃលិចទឹកក្បាលជប់ ដាំដើមកោងកាងទឹកសាបឡើងវិញ យាមល្បាតការដាក់មងចាប់យកសត្វស្លាប និងការឆក់ត្រីខុសច្បាប់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅបន្តរាយមងដាក់យកត្រីនៅក្នុងបឹងនេះផងដែរ ដែលជាសកម្មភាពមួយគួរត្រូវបានហាមឃាត់ ព្រោះវាអាចបណ្តាលឱ្យមានការសឹករិចរិលនៃធនធានធម្មជាតិ និងបាត់លំនឹងតុល្យភាពនៃជីវចម្រុះរបស់បឹង។

ខ្ញុំចេះតែលួចស្រមៃថា ប្រសិនបើថ្ងៃណាមួយបឹងនេះក្លាយទៅជា”បឹងស្ទូចត្រីធម្មជាតិ” មិនដឹងជាល្អយ៉ាងណាទេ។ សហគមន៍អាចហាមឃាត់ការដាក់មង តែបង្កើតជាកន្លែងស្ទូចត្រីដោយយកកម្រៃតិចតួចដើម្បីទាក់ទាញអ្នកទេសចរ និងយកថវិកាដែលរកបានទៅទិញកូនត្រីធម្មជាតិសម្រាប់ចាក់បំពេញបន្ថែមវិញជាប្រចាំ មួយឆ្នាំម្តងរឺពីរដងក៏បាន។ ប្រសិនបើធ្វើបែបនេះបាន វានឹងក្លាយទៅជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាពមួយ ហើយសូម្បីតែពិធីលែងកូនត្រីប្រចាំឆ្នាំក៏អាចក្លាយទៅជាព្រឹត្តការណ៍ទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយបានផងដែរ។

«ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កអោយមានវិនាសកម្មដល់ថ្ងៃអនាគត»”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ខាងក្រោមនេះ ៖

Related posts

Leave a Comment