តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៦ ខែកញ្ញា ២០២០នេះ មានករណីសង្ស័យវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលបានរាយការណ៌ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប (បច្ចុប្បន្ន កំពុងរងចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ) បានរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មកទល់ពេលនេះ អាជ្ញាធររកមិនទាន់ឃេីញទេ។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច មន្ទីរសុខាភិបាលខេត្ត ឫទាក់ទងលេខ ១១៥ ឫតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ នេះ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា ២១:១៥នាទីនៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះរួចហេីយ។
បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយ លទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មកគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កនៅ កន្លែងស្នាក់នៅរបស់តាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក
របស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន (មកដល់នៅវេលាយប់ម៉ោងប្រហែលជា១១៖០០យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលបាននៅល្ងាចនៃថ្ងៃដដែល។
ទន្ទឹមនឹងពេលនៃការបញ្ជូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានរត់គេចចេញពីកន្លែងស្នាក់នៅខាង លើរបស់គាត់បាត់តែម្ដង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប កំពុងព្យាយាមរុករកបុរសជនជាតិ ហុងគ្រីរូបនេះ តែមិនទាន់រកឃើញនៅឡើយទេ។
ប្រសិនបើនៅល្ងាចនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពិតជាឃើញ វិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ (តាំងពីម៉ោងប្រហែលជា៩យប់នៃថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ) នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើន និងជួបមនុស្សច្រើន។ ក្រុមឆ្លើយតបបន្ទាន់ និងធ្វើការស្រាវជ្រាវភ្លាមៗ នៅពេលរកឃើញបុរសនេះ ៕