ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ជាថ្មីទៀតថា ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ មិនតម្រូវឱ្យបង់ឡើយ។ នេះបើតាមការ បញ្ជាក់នៅ លើទំព័រហ្វេសបុកស្នងការនៅថ្ងៃនេះ។ ការផ្តល់សេវាសាធារណៈ ទោះជា អាជ្ញាធរបញ្ជាក់ថា មិន គិតថ្លៃក្តី តែពលរដ្ឋ នៅមួយចំនួន បានត្អូញ ត្អែរលើការចំណាយ ក្រៅផ្លូវការដដែល។
ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច កាលពីពេលកន្លងមក បានចេញប្រកាស អន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់ តម្លៃការផ្តល់សេវា រដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីយក ថវិកាជាប្រយោជន៍ ដល់ប្រទេសជាតិ ហើយ នៅក្នុងប្រកាស នោះបានលុប ចោលថ្លៃសេវា សម្រាប់ការងារ រដ្ឋបាលមួយចំនួន គឺមិនយកលុយ ពីប្រជាពលរដ្ឋនោះទេ។
តាមប្រកាសនោះ សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដែលមិន យកកម្រៃពីប្រជាពលរដ្ឋ មានដូចជាៈ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយ ប្រជាពលរដ្ឋខ្មែរ។ ការផ្តល់សៀវភៅស្នាក់នៅ។ ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ។
ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ។ ការផ្តល់សៀវភៅគ្រួសារ។ ទុតិយតា និងតតិយតា សៀវភៅគ្រួសារ។ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅ គ្រួសារ។ ការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ទុតិយតា ឬតតិយតា អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ។
នៅក្នុងប្រកាសអន្តរក្រសួងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដែលមានការចុះហត្ថលេខា រួមគ្នារវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនី្នរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា អនុញ្ញាតឲ្យក្រសួងមហាផ្ទៃអនុវត្តការ ប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។
សេវារដ្ឋបាលដែលផ្តល់ដោយ ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំ ជាកម្រងសេវារដ្ឋបាល ដែលមានវា យលម្អិតអំពីតម្លៃសេវា រយៈពេលអតិបរមា នៃការផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវារដ្ឋបាលនិមួយៗ។ក្រសួងមហាផ្ទៃត្រូវបិទផ្សាយជាសាធារណៈ ពិសេសនៅកន្លែងផ្តល់សេវានូវស្តង់ ដា រសេវារដ្ឋបាល ក្នុងនោះរួមមាន៖ តារាងកម្រងសេវារដ្ឋបាល ទម្រង់ឯកសារ នីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង់ កម្រៃសេវារដ្ឋាបាល។
ក្រសួងមហាផ្ទៃត្រូវរៀបចំឲ្យមាន កន្លែងទទួលពាក្យបណ្តឹងតវ៉ា ដែលអាច កើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុស ពីស្តង់ដាសេវា ឬមានការយក កម្រៃលើសពីការកំណត់ ឬមានការយឺតយ៉ាវហួស រយៈពេលអតិបរមា នៃការផ្តល់ សេវាជាដើម។ ក្រសួងមហាផ្ទៃមានភារកិច្ច ប្រមូលចំណូល ពីកម្រៃសេវារដ្ឋបាល។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រាក់ចំណូលដែលប្រមូលបាន បង់ប្រាក់ចំណូលចូលថវិកាជាតិ និងធ្វើសលាកប័ត្រចំណូលនៅក្នុងជំពូក គណនី អនុគនី នៃមាតិកាចំណូលថវិកា។
រាល់ការទទួលប្រាក់ចំណូល ពីកម្រៃសេវារដ្ឋាបាលដោយផ្ទាល់ជា សាច់ប្រាក់ ឬជាមូលប្បទានប័ត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ ឲ្យប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់និងសារាចរណ៍ណែនាំស្តីពីការ គ្រប់គ្រងបង្កាន់ដៃរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងមហាផ្ទៃត្រូវកំណត់ទីតាំង ជាក់លាក់ និងមានមន្ត្រីប្រចាំការនៅកន្លែង ផ្តល់សេវា ដែលមានលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើ សេវាជូនអតិថិជនឲ្យ បានទាន់ពេលវេលាតាមការកំណត់។
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ត្រូវធ្វើរបាយការណ៍បូក សរុបស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ ប្រចាំខែ និងឲ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំ បន្ទាប់ សម្រាប់ របាយការណ៍ប្រចាំឆ្នាំ។ទោះយ៉ាងណា ពលរដ្ឋមួយចំនួន ដែលទៅទទួល សេវាខាងលើថា ខ្លួននៅ តែចំណាយ ថ្លៃសេវា ក្រៅ ផ្លូវការដដែល បើទោះជារដ្ឋប្រកាស មិនគិតថ្លៃ សេវា យ៉ាងណា។