គិតមកទល់ ពេលនេះ ការកាន់បិណ្ឌគឺមានរយៈពេល ៣ ថ្ងៃហើយ សម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពី បុរាណកាលមក។ នេះជាពេល វេលាដ៏ធំមួយ សម្រាប់បង ប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ អាចមាន ឱកាសក្នុងការទៅ ធ្វើបុណ្យដាក់ បាត្រប្រគេន ចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ធិសទៅដល់សាច់ញាតិ ឬ អ្នកជាទីស្រឡាញ់ ដែលបាន ចែកឋាន នៅតាមវត្តអារាម ជិតឆ្ងាយ ប្រកបដោយក្តីសប្បាយរីករាយ និងជ្រះថ្លាគ្រប់ៗគ្នា។
សូមបញ្ជាក់ ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ នៅឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។
ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យយើង គ្រប់គ្នាមិននឹកស្មាន និងគួរឲ្យស្រណោះ ខ្លាំងបំផុតនោះ ដោយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២០ គេបានប្រទះ ឃើញព្រះចៅអធិការវត្តដ៏កម្សត់មួយនៅ ក្នុងខេត្តកំពង់ឆ្នាំង បានបង្ហោះសារដ៏រំជួលចិត្ត ប្រកាសអំពាវនាវ ពុទ្ធបរិស័ទមេត្តាមកកាន់ បិណ្ឌនៅវត្ត «ក្រឡាញ់ចាស់» ផង ព្រោះឆ្នាំនេះមានតែ ៥ វេន ប៉ុណ្ណោះ ខណៈព្រះសង្ឃ ធ្វើចង្ហាន់ដោយខ្លួនឯង។
នេះបើយោងតាមគណនីហ្វេសប៊ុកព្រះសង្ឃមដែលមានព្រះនាម Moch Saoly បានបង្ហោះឲ្យដឹងថា៖ «វត្តក្រឡាញ់ចាស់ ក្នុងរដូវ កាន់បិណ្ឌ សូមប្រគេន និងជូនដំណឹង ដល់ព្រះករុណា ញាតិញោមពុទ្ធបរិស័ទ្ធ អោយបានជ្រាបថា វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ក្នុងរដូវកាន់បិណ្ឌ ឆ្នាំនេះមានតែ ៥ វេនទេ នៅខ្វះ ១០វេនទៀត អាស្រ័យដូចបានប្រគេន ជូនដំណឹងខាងលើនេះ សូមញាតិញោមពុទ្ធបរិស័ទ្ធ ចូលរួមជួយតាមសទ្ធា ជ្រះថ្លាលេខទូរស័ព្ទ អាត្មាភាពព្រះចៅអធិការ ព្រះនាម ម៉ុច សៅលី 015896999|090896999 ដាច់វេនរាល់ឆ្នាំ ញាតិញោម»៕