សូមសុខចម្រើនគ្រប់ៗគ្នា!! ប្រទះឃើញព្រះហស្ថឆ្វេងព្រះពុទ្ធ នៅក្នុងព្រៃក្បែរប្រាសាទបាយ័ន…

មន្ត្រីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានប្រទះឃើញចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ក្នុងព្រៃខាងត្បូងចម្ងាយប្រហែល ៣០០ ម៉ែត្រពីប្រាសាទបាយ័ន្ត ។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ៣ កញ្ញា ២០២០ នេះ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ចម្លាក់ព្រះហស្ថឆ្វេងព្រះពុទ្ធមួយនេះ ស្ថិតក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ ។ ចម្លាក់នេះដែរ មានទំហំបណ្តោយ ០.៩៥ ម៉ែត្រ ទទឹង ០.៤២ ម៉ែត្រ និងកម្រាស់ ០.២៤ ម៉ែត្រ។

បើតាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី ។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ ។

ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន្ត រួមមាន ព្រះអង្គឥន្ទ្រទេពនិងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា។

តាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការ បានសហការណ៍ជាមួយស្ថាបន័មានសម្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួល និង ដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និង រក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត ៕

Related posts

Leave a Comment