លោកអ្នកប្រហែលជានៅចាំអំពីហេតុការណ៍ដ៏សាហាវមួយនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គឺហេតុការណ៍ប្លន់ប្រដាប់អាវុធមួយ ក្នុងហាងមាសមួយកន្លែងស្ថិតនៅក្នុងផ្សារទំនើបមួយនៃ ខេត្តលពបុរី ប្រទេសថៃ ពីសំណាក់លោកនាយកសាលារៀនថៃមួយកន្លែង ។
ក្រោយការជំនុំជម្រះ និង ស្វែងរកភស្តុតាងចប់សព្វគ្រប នៅពេលនេះតុលាការថៃបានចេញសាលក្រមហើយ ដោយបានកាត់ទោសជនល្មើស Prasitichai Khao Kaew ដែលជានាយកសាលានោះឱ្យជាប់ទោសប្រហារជីវិត ដោយសារតែមានទោសធ្ងន់ធ្ងរពេក ពោលគឺជាប់ទាក់ទងទៅនឹងបណ្តឹងដល់ទៅ ៩ ករណី មានការប្លន់ប្រដាប់អាវុធ រៀបចំគម្រោងការប្លន់សម្លាប់ទុកជាមុន និង សម្លាប់កូនក្មេងអាយុ ២ ខួប ជាដើម។
ទោះបីជាមានសាលក្រមបែបនេះក្តី គេមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការប្រហារជីវិតនៅឡើយទេ ដែលជាទូទៅអ្នកដែលមានទោសប្រហារជីវិតនៅក្នុងប្រទេសនេះតែងតែមានការឃុំខ្លួនជាច្រើនឆ្នាំជាមុនសិន ទើបធ្វើការអនុវត្តន៍ទោសដ៏ធ្ងន់បំផុតមួយនេះ ៕