កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈសារព័ត៌មាន PNN បានប្រាប់ឲ្យដឹងថា “សមត្ថកិច្ចបានអោយដឹងថាបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដាច់ចិត្តលើកដៃច្របាច់ក សម្លាប់កូនស្រីខ្លួនឯង ចំនួន៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ហើយបានចងកសម្លាប់ខ្លួនឯងជាក្រោយ ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្ត្រីឈ្មោះ ឌីម សុខនាថ ត្រូវជាប្រពន្ធ និងជាម្តាយក្មេងស្រីទាំងបីនាក់ បានអោយដឹងថាបុរសជាប្តីមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ស្លាប់) និងកូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ (ស្លាប់), កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ (ស្លាប់), កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ (ស្លាប់)។
ស្ត្រីដដែល បានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង២០ និង៣០នាទី យប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ រហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញ ជនរងគ្រោះជាប្ដី បានចងក ស្លាប់បាត់ហើយ
រីឯកូនស្រី២នាក់ ក៏ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បង ស្លាប់ នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនតក់ស្លុតយ៉ាងខ្លាំង ក៏បានរត់ទៅហៅ ប្អូនថ្លៃស្រីដែលជួលបន្ទប់ក្បែរគ្នា អោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលតែម្ដង នឹង បានរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចចម្រុះ នៃអធិការខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង ៣នាក់ បានស្លាប់ដោយសារច្របាច់ក ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងក សម្លាប់ខ្លួន នៅកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថាសពទាំង៤នាក់ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ហើយចំពោះដើមហេតុជុំវិញនឹងករណីនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវអោយច្បាស់នៅពេលក្រោយ៕”។
នៅថ្ងៃម្សិលមិញនេះផងដែរ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “សារព័ត៌មាន ហង្សតូច” បានបង្ហោះវីដេអូមួយ ពីស្ត្រីរូបនេះ ដែលត្រូវជាប្រពន្ធ និងជាម្តាយ កូនស្រីដែលស្លាប់ទំាង៣ នាក់ មើលហើយ ពិតជាគ្មាននរណាម្នាក់ទប់ទឹកភ្នែកជាប់ឡើយ។
ហ្វេសប៊ុកនេះក៏បានបញ្ជាក់សារខ្លីមួយថា ៖ “មឈូស៣ ដាក់សពមនុស្ស៤នាក់! អាណោចអាធ័មណាស់
ចំពោះរឿងរ៉ាវដ៏តក់ស្លុតជាទីបំផុត បានកេីតឡេីង ធ្វេីឲ្យស្ត្រីដែលជាប្រពន្ធ និងត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះទាំងបីនាក់ បានបាត់បង់មនុស្សជាទីស្រលាញ់ រហូតដល់ទៅ៤នាក់ ក្នុងពេលតែមួយ គឺមានកូនៗ៣នាក់ និងប្ដីម្នាក់ទៀត ដែលធ្វេីឲ្យរូបគាត់មិនអាចទទួលយករូបភាពឈឺចាប់នោះបានទេ និងរហូតមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡេីយ ធ្វេីឲ្យគាត់ក្លាយជាមនុស្សមានបញ្ហាសតិអារម្មណ៍មិនប្រក្រតី ព្រោះតែការប៉ះទង្គិចផ្លូវអារម្មណ៍ យ៉ាងធ្ងន់ធ្ងរបំផុតនេះ!
យ៉ាងណាមិញ អង្គភាពបណ្ដាញសារព័ត៌មានហង្សតូចយេីង សូមចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពផង “។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដ៏សែនរំជួលចិត្តខាងក្រោមនេះ ៖