យោធាវៀតណាម កំពុងសាងសង់ប៉ុស្តិរឹងមាំ ជាងមុន១២០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន…

កណ្តាល៖ ស្នងការខេត្តកណ្តាល លោកឧត្ដមសេនីយ៍​ត្រី​ ឈឿន សុចិត្ត បានរាយការណ៍ថា យោធា​វៀតណាម ចង់សាងសង់កន្លែងសម្រាប់ឈរជើងថ្មីឱ្យកាន់តែរឹងមាំជាងមុននៅលើទីតាំងកំពុងបោះតង់ស្រាប់ចំនួន៤កន្លែងទៀត ខណៈយោធាប្រទេសនេះកំពុងប្រែក្លាយទីតាំងបោះតង់មួយកន្លែងឱ្យក្លាយជាជម្រកថ្មីធ្វើឡើងពីឈើ សសរថ្មកម្ពស់៣ ម៉ែត្រទំហំ៥ ម៉ែត្រគុណ៤ ម៉ែត្រនិងដំបូលប្រក់ស័ង្កសីស្ថិតនៅចម្ងាយពីខ្សែបន្ទាត់ព្រំដែនប្រមាណ១២០ ម៉ែត្រត្រង់ចំណុចភូមិកូវី ឃុំកូឡក ស្រុកទិនចូវ ខេត្តអានយ៉ាង ប្រទេសវៀតណាមទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាលរបស់ប្រទេសកម្ពុជា។

លោកឧត្ដមសេនីយ៍​ត្រី​ ឈឿន សុចិត្ត បានលើកឡើងបែបនេះនៅក្នុងលិខិតមួយចុះថ្ងៃទី២៦ខែសីហាផ្ញើទៅកាន់អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ដើម្បីសុំគោលការណ៍ដឹកនាំបន្តក្រោយពីមន្រ្តីនគរបាល យោធាព្រំដែនកម្ពុជា និងអភិបាលស្រុកលើកដែកកាលពីថ្ងៃទី២៥ និងទី២៦សីហា បានចុះទៅដល់ទីតាំងរុះរើតង់ដើម្បីសង់ជម្រកថ្មីភូមិកូវីដើម្បីស្នើសុំឱ្យយោធាវៀតណាមបញ្ឈប់វិញប៉ុន្តែភាគីវៀតណាមបដិសេធ។

លោកឧត្ដមសេនីយ៍​ត្រី​ស្នងការ​ បានបន្តថា យោធាវៀតណាមបានបញ្ជាក់ថា ការសាងសង់នេះ គឺពួកគេធ្វើតាមបញ្ជារបស់ថ្នាក់លើ ហើយថ្នាក់លើគឺមានគម្រោងសាងសង់ជម្រករឹងមាំថ្មីបែបនេះចំនួន៤កន្លែងទៀតលើ១០គោលដៅចាស់ដែលមានស្រាប់។

ក្នុងសេចក្ដីប្រកាស ក៏បានឱ្យដឹងទៀតថា អភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធក៏បានចុះត្រួតពិនិត្យនៅទីតាំងខាងលើបន្ថែមម្ដងទៀតនិងបានសំណូមពរឱ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ ប៉ុន្តែភាគីវៀតណាមនៅតែមិនព្រមឯកភាពបញ្ឈប់ការសាងសង់នោះឡើយ។ កងទ័ពវៀតណាមបានចូលលួចបោះតង់បណ្ដោះអាសន្នចំនួន៩កន្លែងនិងចងជាអង្រឹងចូលក្នុងតំបន់ព្រំដែនដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា។ ប៉ុន្តែសកម្មភាពនេះ ត្រូវអាជ្ញាធរកម្ពុជាបានចុះរារាំងនិងទាមទារឱ្យភាគីប្រទេសរុះរើតង់នោះវិញកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ៕

Related posts

Leave a Comment