អបអរសាទរ ! កម្ពុជាអាចនាំចេញទំនិញកសិកម្មទៅកាន់ទីផ្សារកូរ៉េរហូតដល់ទៅ ១៨មុខ…

ភ្នំពេញ៖កម្ពុជាអាចនាំចេញទំនិញកសិកម្មទៅកាន់ទីផ្សារកូរ៉េរហូតដល់ទៅ ១៨មុខ ខណៈដែលប្រទេសកម្ពុជាបានទទួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីប្រទេសនេះរហូតដល់ទៅ ៣៦គម្រោងឯនោះ។ នេះបើតាមការចេញផ្សាយដោយ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ។

កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃជាដើម។

ក្នុងនោះដែរ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងកំពុងអភិវឌ្ឍន៍ពីកូរ៉េ រួមមាន គម្រោងការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកម្ពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរី សហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែក សហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។

សូមជម្រាបថា ការលើកឡើងបែបនេះធ្វើឡើង ក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក ផាក ហឿងយ៉ុង ( Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ៕

Related posts

Leave a Comment