យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជន និង កីឡា កាលពីថ្ងៃទី ២៥ សីហា ២០២០ បានបើកកិច្ចប្រជុំមួយស្តីពី «លទ្ធភាពក្នុងការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី ២ សម្រាប់ថ្នាក់ទី ៩ និង ថ្នាក់ទី ១២» ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋានជំនាញ គណៈគ្រប់គ្រង និង គ្រូបង្រៀនមុខវិជ្ជាឯកទេសនៃវិទ្យាល័យបាក់ទូក ។
តាមរយៈកិច្ចប្រជុំ ក្នុងនោះវិទ្យាល័យបាក់ទូកត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី ១២ ច្រើនជាងគេទូទាំងប្រទេស ។ លទ្ធភាពនៃការបើកសាលារៀនឡើងវិញ
បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និង ការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និង វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
បន្ថែមពីនេះឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ និង អាចទាញយកផលប្រយោជន៍សម្រាប់ពេលអនាគត ដោយបន្តនិរន្តរភាពបច្ចេកវិទ្យា ៕