ប្រសើរណាស់! ក្រោយប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន សមត្ថកិច្ចសម្រេចឃាត់ខ្លួន ម្ចាស់អាជីវកម្មផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកអង្គស្នួល មកវិញ…

កណ្តាល៖ក្រោយប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន , កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នេះ សម្រេចឃាត់ខ្លួនម្ចាស់អាជីវកម្មផលិតស្ករត្នោតក្លែងក្លាយ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ មានឈ្មោះ ជុន មុំ អាយុ៤៩ឆ្នាំ មកវិញ ដោយពេលនេះ កំពុងសាកសួរ ។

លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS ថា ពេលនេះ សមត្ថកិច្ចកំពុងសាកសួរស្ត្រីរូបនេះ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

បញ្ហានេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង មជ្ឈដ្ឋានជាច្រើន បានប្រតិកម្ម និង ស្នើអោយតុលាការខេត្តកណ្តាល ពិនិត្យផង ករណីផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកអង្គស្នួល ចាប់៥ដងហើយ ម្តេចមិនបិទអាជីវកម្មចោលទៅ ? ។

គួររំលឹកថា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS ថា ម្ចាស់ទីតាំងមានឈ្មោះ ជុន មុំ នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំអោយគាត់បញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយចំនួន៥លើករួចមកហើយ ៕

Related posts

Leave a Comment