សង្ស័យមិនរួចខ្លួនទេ ! លោកសៅ សុខា បញ្ជាឲ្យស្រាវជ្រាវករណីមន្ត្រីប៉េអឹមស័ក្តិ៤ម្នាក់ ផ្ទុះអាវុធ នៅខេត្តកោះកុង…

ខេត្តកោះកុង ៖ ទីបំផុត លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវករណីផ្ទុះអាវុធខ្លី ដែលបង្កឡើងដោយនាយទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង ពាក់ស័ក្តិ៤ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្រុងខេមរភូមិន្ទ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃនេះថា កាលពីម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវករណីផ្ទុះអាវុធខ្លី ដែលបង្កឡើងមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុងម្នាក់ ឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរស័ក្តិ វរសេនីយ៍ត្រី (ស័ក្តិ៤) មុខងារអនុប្រធានមន្ទីរសម្ភារបច្ចេកទេស។ ពេលនេះ ឈ្មោះ មាស ដារ៉ាសាផុន កំពុងត្រូវបានស្តាប់ចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។

សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ផ្លូវជាតិ៤៨ ក្បែរលោកយាយម៉ៅ) មានករណីជម្លោះមួយ រហូតធ្វើឲ្យលោកមាស ដារ៉ាសាផុន ជាមន្ត្រីកងរាជអាវុធហត្ថ ផ្ទុះអាវុធខ្លីចំនួន១គ្រាប់។
ជុំវិញនឹងករណីខាងលើនេះ«KBN» រង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំអស់៕

អត្ថបទដោយ៖ KBN

Related posts

Leave a Comment