រឹងមែន! មិនខ្វល់ពីការបាញ់ពន្លិច​ទូកឡើយ វៀតណាម ប្រាប់​ប្រជាជន​ខ្លួន​ឲ្យបន្ត​នេសាទ​ក្នុង​ដែនសមុទ្រ ​ជម្លោះ​ទោះ​ចិន​ហាមប្រាមក៏ដោយ…

បរទេស៖ ក្រសួងកសិកម្ម​ និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បានចេញ​លិខិត​ជូនទៅ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ក្នុងន័យ​បញ្ជា​ឱ្យ​អាជ្ញាធរ​ទាំងនោះ​ បន្ត​ជម្រាប​ប្រាប់​ប្រជា​នេសាទ​ខ្លួនថា៖ ​ចាត់ទុក​បំរាម​នេសាទ​របស់​ចិន ឥត​បានការ និង​ជំរុញ​ឱ្យ​ប្រជា​នេសាទ​ បន្តសកម្មភាព​ផលិតកម្ម​ធម្មតា​តាមផ្លូវ​ច្បាប់​ដដែល​ ក្នុង​ដែនទឹក​កំណត់ដោយ​ប្រទេស​វៀតណាម​ ។​​ ទាំងនេះចង់បញ្ជាក់ថា បើទោះបីជា​ប្រទេស​ចិន ​ប៉ុនប៉ង​ដាក់​កំហិត​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូងក៏ដោយ​។​

ក្នុងលិខិតរបស់ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម​ បាន​ទាត់ចោល​បំរាម​នេសាទ​ក្នុង​ដែនសមុទ្រ​ចិន​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​១៦ ខែសីហា​របស់​ចិន​នេះ ដែល​ប្រទេស​ទាំង​ពីរបាន​អះអាង​ជា​របស់ខ្លួន​រៀងៗ​ខ្លួន​។ ការទាត់ចោល​នេះ កើតឡើង​មួយខែ​ក្រោយពី​ចិន​បាន​បាញ់​ពន្លិច​ទូក​ដឹក​ប្រជា​នេសាទ​វៀតណាម​ដែល​ទើបបាន​ជួយសង្គ្រោះ​។​

​បើយោងតាម​របាយការណ៍​របស់​សារព័ត៌មាន VietnamNet ដែលជា​សារព័ត៌មាន​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​និង​ទំនាក់ទំនង វៀតណាមគណៈកម្មការ​ប្រជាជន​ប្រចាំខេត្ត​និង​ទីក្រុង របស់​វៀតណាម ត្រូវ​បញ្ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​សកម្មភាព​នេសាទ​របស់​ទូក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្លួន​។​

​ក្រសួងកសិកម្ម​វៀតណាម ក៏បានផ្តល់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ដែល​ប្រជាជន​អាច​រាយការណ៍ ហេតុការណ៍​ចៃដន្យ​នានា ជូន​ដល់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការនេសាទ ក្នុងអំឡុងពេល​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ចិន​នេះ​។​ ករណី​ការនេសាទ​នេះ បាន​គំរាមកំហែង​ដល់​ភ្លើង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ដែល​ប្រជាជាតិ​នានា​មាន​ភាព​តានតឹង​នឹង​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ធ្លាប់បាន​ព្រមាន​ទីក្រុង​ប៉េកាំង លើ​ការធ្វើឱ្យ​ផ្ទុះ​រីកសាយ​ជំងឺ​រាតត្បាត COVID-19 ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​សាធារណ​លើ​ការទន្ទ្រាន​ដែនសមុទ្រ​របស់ខ្លួន​កាលពី​ខែមេសា បន្ទាប់ពី​ចិន​បា​នប​ញ្ជូ​ល​នាវា​ទៅក្នុង​ដែន​ជម្លោះ​នោះដែល​នាវា​នោះ​ទំនង​មាន​គោលដៅ​រុករក​ប្រេង​។​

​សូមជម្រាបថា កន្លងមកប្រទេស​វៀតណាម បានធ្វើ​ការតវ៉ា​ប្រឆាំង​កា​រប​ញ្ជូ​ល​នាវា​នោះ រួមទាំង​ការបាញ់​ពន្លិច​ទូក​នេសាទ​របស់ខ្លួន​ដែរ​។ប្រទេស​ហ្វីលីពីនដែល​ធ្លាប់តែ​រុញ​រា​លើ​ការរិះគន់​ចិន​ក្នុងករណី​ដែនសមុទ្រ​នេះ បានបង្ហាញ​ការគាំទ្រ​វៀតណាម​លើ​ករណីនេះ​ក្រោយពេល​ព្រឹត្តិការណ៍​លិច​ទូក​នេសាទ​។បន្ថែម​លើ​នេះ សូម្បីតែ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​មិនមែនជា​ភាគី​ជម្លោះ​នៃ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងក៏បាន​បាញ់​ពន្លិច​នាវា​ចិន​ជាច្រើន​គ្រឿង​កាលពី​ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់ថា​ចូល​នេសាទ​ខុសច្បាប់​។​

​ដោយឡែប្រទេស​ម៉ាឡេស៊ីវិញ ក៏​ប្រឆាំង​តវ៉ា​ការបញ្ជូន​នាវា​រុករក​ប្រេង​សាជាថ្មី​របស់​ចិន​កាលពី​ខែមេសា​ កន្លងទៅ ។ ដោយកាលពី​សប្តាហ៍​មុននេះសហរដ្ឋអាមេរិក ក៏បាន​បង្ហាញ​ការជំទាស់ ដែល​អាមេរិក​ហៅ​វា​ថា ជា​សកម្មភាព​បង្ខិតបង្ខំ​និង​ខុសច្បាប់ ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូងដោយបាន​បញ្ជូន​នាវាចម្បាំង​ឈ្មោះ USS Gabrielle Giffords យកឈ្មោះ​តាម​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Arizona ដែល​ធ្លាប់​រងរបួស​ក្នុងការ​ប៉ះទង្គិច​កាលពី​ឆ្នាំ​២០១១​។​

​ទាក់ទិនរឿងនេះដែរ លោក Vice Adm. Bill Merz មេបញ្ជាការ​កង​នា​វាទី​៧ នៃ​កងទ័ពជើងទឹក​អាមេរិកាំង បាន​និយាយថា​៖ «​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ដំណើរការ​ជាធម្មតា តួយ៉ាង​នាវា Gabrielle Giffords’ គឺ​សបញ្ជាក់​ឱ្យឃើញថា ស​.​រ​.​អា​. នឹង​បន្ត​ការហោះហើរ និង​ធ្វើ​នាវាចរ​ដោយ​សេរី តាមច្បាប់​អន្តរជាតិ និង​ច្បាប់​សមុទ្រ បើទោះជា​មានការ​ទាមទា​រ ឬ​ព្រឹត្តិការណ៍​កើតឡើង​ថ្មីៗ​នេះ​ក៏ដោយ​»​។​

​គួរបញ្ជាក់ថា សមុទ្រ​ចិន​ខាងត្បូង ​ដែល​ស្ថិតនៅ​ដែនទឹក​ត្រួតគ្នា​របស់​ប្រជាជាតិ​អាស៊ី​ជាច្រើន​នេះ ត្រូវគេ​មើលឃើញថា សម្បូរ​ដោយ​មច្ឆជាតិ និង​ប្រេងឥន្ធនៈ​។​ ប៉ុន្តែប៉ុន្មានខែនេះ សេដ្ឋកិច្ច​វិស័យ​នេសាទ​របស់​ប្រទេស​វៀតណាម មានការ​ធ្លាក់ចុះ​ដោយសារ​ជំងឺ COVID-19 ហើយ​ពាណិជ្ជកម្ម​អាហារ​សមុទ្រ​ជាមួយនឹង​ប្រទេស​ចិន​ក៏​ថយ​ដូចគ្នា​ដែរ​។​

​លោក Nguyen Viet Thang ប្រធាន​សមាគម​នេសាទ​វៀតណាម បាន​ស្នើសុំ​រដ្ឋាភិបាល​ឱ្យជួយ​ការពារ​ផលប្រយោជន៍​ប្រជា​នេសាទ និង​តបត​ប្រឆាំង​បំរាម​នេសាទ​ក្នុង​រដូវប្រាំង​របស់​ចិន​នេះ​។​

​លោក បាន​សរសេរ​លិខិត​ក្នុងនាម​សមាគម ជូន​រដ្ឋាភិបាល​ក្នុង​ខ្លឹមសារ​ថា​៖«​បំរាម​នេះ មិនអាច​អនុវត្ត​ក្នុង​អធិបតេយ្យភាព​ដែនសមុទ្រ​វៀតណាម​ឡើយ​។ប្រជា​នេសាទ​វៀតណាម មាន​សិទ្ធិ​ពេញលេញ​នេសាទ​ក្នុង​ដែនទឹក​របស់ខ្លួន​ក្នុង​ដែន​អធិបតេយ្យ​វៀតណាម​»​។​ ក្រសួងការបរទេស​វៀ​ត​ណា​ម ក៏បាន​ឆ្លើយតប​ក្នុងន័យ​ដូច្នេះ​ដែរ​។​

​បើតាមអ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Le Thi Thu Hang វៀតណាម នឹង​ច្រានចោល​ការសម្រេចចិត្ត​បែប​អត្តនោម័តិ​របស់​ចិន​នេះ​។​ ជាមួយនឹង​ការប្រើ​ពាក្យ​វៀតណាម​ហៅ​ដែនសមុទ្រ​ចិន​ខាង​ត្បួ​ង លោកស្រីបន្តថា​៖ «​យោងតាម​បរិបទ​តំបន់​និង​សាកល ប្រទេស​វៀតណាម​ស្នើឱ្យ​ចិន​ឈប់​បង្ក​ភាពស្មុគស្មាញ​ក្នុង​ដែនសមុទ្រ​ខាងកើត​»​។ ប្រទេស​ចិន បាន​និយាយថា វៀតណាម គ្មាន​សិទ្ធិ​តវ៉ា​ប្រឆាំង​បំរាម​នេសាទ​នេះ​ទេ​៕

អត្ថបទដោយ៖ KBN

Related posts

Leave a Comment