ក្មេងៗ៤នាក់អួតក្អេងក្អាងថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» កៀបស៊ីពលរដ្ឋមិនបាន ឆ្លើយថា ជារឿងយល់ច្រឡំ , សង្ឃឹមថាមេអាវុធហត្ថរាជធានី លោក រ័ត្ន ស្រ៊ាង នឹងបើកការស៊ើបអង្កេត ផង

ភ្នំពេញ៖ក្រុមក្មេងៗចំនួន៤នាក់ អួតក្អេងក្អាង ថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» ឬ ហៅសាមញ្ញ ថា ភ្នាក់ងារសម្ងាត់ ចង់កៀបស៊ីម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេច រួចឆ្លើយដោះសារថា ជារឿងយល់ច្រឡំ ។

បញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ នឹងបើកការស៊ើបអង្កេត ករណីនេះ ផង កុំអោយប្រជាពលរដ្ឋ មានអារម្មណ៍មិនល្អ ទៅលើអាវុធហត្ថ ព្រោះតែជនខិលខូចមួយចំនួន ដែលអាចធ្វើអោយអាប់អោនដល់កេរ្តិ៍ឈ្មោះដ៏ល្អរបស់កងរាជអាវុធហត្ថទាំងមូល ។

សូមបញ្ជាក់ថា ក្មេងៗទាំង៤នាក់នេះ តាំងខ្លួន ជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់សេ១២៥ ចំនួន២គ្រឿង ។ ក្នុងនោះ មួយគ្រឿងគ្មានស្លាកលេខនិងមួយគ្រឿងទៀត ប្រើស្លាកលេខក្លែងក្លាយ គ្មានកញ្ចក់ និង មិនពាក់មួកសុវត្ថិភាព គ្មានឯកសណ្ឋាន និង កាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុ ទាក់ទងជាប់នឹងចង្កេះ បានធ្វើការប្រដេញយុវជន២នាក់ ពីក្នុងកោះពេជ្រ ដោយមិនមាន បទល្មើសចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ឃាត់ខ្លួន នាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការ សាកសួរ ។

ហេតុការណ៍ ភ្ញាក់ផ្អើល នេះ កើតឡើង កាលពីវេលា១០៖៥០នាទី យប់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខ ភោជនីយដ្ឋាន DOS ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ច អះអាងថា ក្រុម «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» ទាំង៤នាក់ នេះមានឈ្មោះ ៖

ទី១,ឈ្មោះ លឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ ទី១១ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ទី២,ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់ផ្ទះលេខ10D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ ។
ទី៣,ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ។
ទី៤,ឈ្មោះ ទី វីរៈ អាយុ២០ឆ្នាំ ជាសិស្ស ថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីយុវជនរងគ្រោះ២នាក់ បានអោយក្រុមអ្នកសារព័ត៌មាន ដឹងថា មុនពេលកើតហេតុ គឺ រូបគាត់និងមិត្តភក្តិ បាននាំគ្នាអង្គុយផឹកស៊ី ជុំគ្នានៅកោះពេជ្រ ។ លុះដល់ម៉ោង កើតហេតុ ក៏នាំគ្នាជិះម៉ូតូ ត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅ វិញ ។

ខណៈ ពេលជិះចេញពីកោះពេជ្រ វិញ មកដល់ផ្លូវ សបិត ទិសដៅពីជើងទៅត្បូង ក៏លេចមុខ យុវជន៤នាក់ ជិះម៉ូតូ២គ្រឿង មកកៀរម៉ូតូពួកខ្លួនអោយអែបកៀន ហើយ ពួកគេប្រាប់ថា ជាអាវុធហត្ថខណ្ឌដូនពេញ ដោយ ចោទប្រកាន់យុវជនទាំងនាក់ ថា ជាជនសង្ស័យ តែមិនដឹងសង្ស័យករណីអ្វី ទេ។

ដោយឃើញយុវជនទាំង៤នាក់ គ្មានឯកសណ្ឋាន និង កាតសម្គាល់ខ្លួន ទើបពួកគាត់ប្រកែកមិនព្រមសហការក៏បង្កជាការភ្ញាក់ផ្អើល ឮដល់កម្លាំង អាវុធហត្ថ ខណ្ឌចំការមន និង កម្លាំងល្បាតប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ទន្លេបាសាក់ ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួន មកកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរ ។

បន្ទាប់ពីសួរនាំ នៅប៉ុស្តិ៍នគរបាលរួចរាល់ ទើបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មានវត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន ។ ដោយមានការយោគយល់ និងគ្នាអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ក៏បានធ្វើការអប់រំ និង អោយកម្លាំង អាវុធហត្ថខណ្ឌដូនពេញ ធានាខ្លួន យុវជនទាំង៤នាក់ ត្រឡប់ទៅវិញ ទាំងមិនមានបញ្ហាអ្វីទាំងអស់ ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋ ហាក់មិនអស់មន្ទិលសង្ស័យ ឡើយ ដែលយុវជនទាំង៤នាក់ នេះ ជិះម៉ូតូគ្មានស្លាកលេខនិងស្លាកលេខក្លែងក្លាយ និង ធ្វើសកម្មភាព ចង់កៀបស៊ីប្រជាពលរដ្ឋ បែបនេះ បែរជាបានរួចខ្លួនទាំងរំភើយ ។

បញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ នឹងបើកការស៊ើបអង្កេត ករណីនេះ ផង ៕

Related posts

Leave a Comment