រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ អគ្គនាយកពន្ធនាគារថ្មី ត្រូវទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទងតាមទូរស័ព្ទចេញពីក្នុងពន្ធនាគារ មកខាងក្រៅ ពីសំណាក់អ្នកជាប់ឃុំ ។
ការបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចក្រឡាហោមបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សន្តិសុខកន្លងទៅ ការពិតទូទៅយើងធ្វើបានល្អហើយ ក៏ប៉ុន្តែ ការគ្រប់គ្រងទំនាក់ទំនងចេញមកក្រៅបញ្ហានេះ យើងត្រូវប្តេជ្ញាត្រូវធ្វើឱ្យបាន កុំឱ្យការទាក់ទងមកក្រៅថែមទៀត លួចទូរស័ព្ទយកចូលអីអញ្ចឹង នេះជាបញ្ហា ខ្ញុំជឿថាយើងរៀបចំវិធានការជាក់លាក់ កន្លងទៅយើងបានដោះស្រាយបញ្ហាបានមួយចំនួន ដោយមានការវិនិយោគ ពីវិស័យឯកជនតែមិនបានទទួលជោគជ័យទេ អញ្ចឹងហើយសុំឱ្យបន្តធ្វើកិច្ចការងារនេះបន្តទៀត ។
សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បញ្ហារបស់មន្ត្រីយើង ក៏នៅតែជាបញ្ហាប្រឈមមួយផងដែរ ។ មន្ត្រីអនុរ័ក្សពន្ធនាគារ បច្ចុប្បន្ននេះ កម្ពុជាមានចំនួន ៣,០៧៤នាក់ ដែលចំនួននេះ មានការខ្វះខាតនៅឡើយ ដូច្នេះតម្រូវឱ្យមានការបង្កើនចំនួនផងដែរ ៕