ពូកែពុករលួយពេក ប្រធានមន្ទីរសុរិយោដីខេត្តបាត់ដំបង ត្រូវពលរដ្ឋប្តឹងឡើងតុលាការ ទារសំណង៦០ម៉ឺនដុល្លារ…

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោក អ៊ឹង វ៉េងចេង អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌមួយ ប្តឹងលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបាត់ដំបង ពាក់ព័ន្ធ «ការបដិសេធការអនុវត្តសេចក្តីសម្រេចរបស់តុលាការ និង ការចាត់វិធានការសំដៅការរារាំងការអនុវត្តច្បាប់ និង ស្ថានទម្ងន់ទោស» ដោយទាមទារប្រាក់សំណងថ្លៃសេវាកម្មផ្លូវច្បាប់ និងជំងឺចិត្តចំនួន៦០ម៉ឺនដុល្លារអាមេរិក ។

យោងតាមពាក្យបណ្តឹងរបស់លោក អ៊ឹង វ៉េងចេង បានបញ្ជាក់ថា លោកបានចូលរួមដេញថ្លៃនូវអចលនវត្ថុចំនួន២កន្លែង ស្ថិតនៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង តាមរយៈការដាក់អោយដេញថ្លៃរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដែលបានកក់ប្រាក់ត្រឹមត្រូវ ។ ប៉ុន្តែ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបង បានធ្វើអោយរឿងនេះអូសបន្លាយរយៈពេលជាង៥ឆ្នាំ ធ្វើអោយលោក អ៊ឹង វ៉េងចេង មិនអាចគ្រប់គ្រងលើដីដែលខ្លួនបានទិញដោយស្របច្បាប់បាន និង ខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ។

ដើមបណ្តឹង គឺ លោក អ៊ឹង វ៉េងចេង បានចាត់ទុកអំពើរបស់លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបង ធ្វើអោយខូចផលប្រយោជន៍ស្របច្បាប់យ៉ាងធ្ងន់ធ្ងរ និង មានភាពអយុត្តិធម៌ ជាពិសេស ទឹកប្រាក់ដែលបានចំណាយទៅលើការទិញ គឺ បានប្រគល់អោយតុលាការរួច រយៈពេលជាង៥ឆ្នាំ មកហើយ ទើបដើមបណ្តឹង យល់ថា នឹងធ្វើអោយសាធារណជនដទៃទៀត បាត់បង់ជំនឿចិត្ត ទៅលើស្ថាប័នអនុវត្តរបស់តុលាការ និង សុរិយោដី ព្រមទាំងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ទៀតផង ។

នៅក្នុងពាក្យបណ្តឹងដដែល លោក អ៊ឹង វ៉េងចេង ដែលជាដើមបណ្តឹង បានសំណូមពរអោយតំណាងអយ្យការចោទប្រកាន់លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបង ទៅតាមកម្មវត្ថុនៃបណ្តឹង និងស្នើដាក់អោយស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នទៅលើលោក អ៊ូ ដារី ព្រមទាំងសុំអោយលោក អ៊ូ ដារី សងប្រាក់ថ្លៃសេវាកម្មផ្លូវច្បាប់ចំនួន១០ម៉ឺនដុល្លារ និង សំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិក ។

ជុំវិញនឹងករណីខាងលើនេះ «KBN»មិនទាន់សុំការបកស្រាយពីលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបងបានទេ តែយ៉ាងណា រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធទាំងអស់ ៕ ( ប្រភពពី PVN News)

Related posts

Leave a Comment