រកមុខឃើញហើយ! ករណីចាក់សាំងដុតគោយន្ត អ្នកភូមិជាទង្វើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោមការបញ្ជា របស់ជនបរទេស…(មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីមានការរិះគន់ យ៉ាងចាស់ដៃ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងបន្ទាប់ពីបានចាត់ ក្រុមការងារចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន រួចមកស្នងការនគរបាល ខេត្តពោធិ៍សាត់ បានធ្វើការសន្និដ្ឋានថាករណី ចាក់សាំងដុតគោយន្ត ដឹកអុស របស់អ្នកភូមិជាទង្វើ ក្រុមការងារអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ(Wild Aids) ក្រោមការបញ្ជារបស់ ជនបរទេស មិនមានពាក់ព័ន្ធ ជាមួយសមត្ថកិច្ច និងអាជ្ញាធរខេត្តឡើយ។

សាក្សីនិងជនរងគ្រោះ បាននិយាយប្រាប់ ក្រុមការងាររបស់ ស្នងការនគរបាលខេត្តពោធិ៍សាត់ ថា កាលពីរសៀលថ្ងៃទី៥ សីហា មានគោយន្តដឹកអុស២គ្រឿង បើកចេញពីព្រៃ មកដល់ផ្លូវគ្រួសក្រហម ក៏បានប្រទះឃើញរថយន្ត១គ្រឿង មានមនុស្សមានគ្នា៤នាក់ ក្នុងនោះមានជនបរទេសម្នាក់ ចេះនិយាយខ្មែរតិចៗ ចុះពីរថយន្តបញ្ជាឲ្យ គោយន្តទាំង២ឈប់។ ជាបន្តបន្ទាប់មកទៀត ជនបរទេសនោះ ឆែកឆេរគោយន្ត រកឃើញដែកកេះនិងសាំងប្រហែល១លីត្រ ហើយជនបរទេសនោះ ក៏បានយកកំណាត់អុស ដែលមាននៅលើរទេះគោយន្ត រៀបផ្គុំ នៅខាងក្រោមបាតម៉ាស៊ីន និងខាងមុខគោយន្ត រួចចាក់សាំងពីលើ និងដុតកម្ទេចចោលភ្លាមៗ រួចក៏បើករថយន្ត ចេញទៅបាត់។

តាមរយៈសេចក្ដីបំភ្លឺ នៅថ្ងៃទី៨ សីហានេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា “មតិយោបល់ របស់អាជ្ញាធរ សាក្សី ជនរងគ្រោះ និងឃ្លីបវីដេអូ ដែលគេបានបង្ហោះ នៅក្នុងគណនីហ្វេសប៊ុក ខាងលើក្រុមការងារ បានសន្និដ្ឋានថា ជាសកម្មភាព របស់ក្រុមការងារ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wild Aids) មិនមានពាក់ព័ន្ធជាមួយ សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន របស់ខេត្តពោធិ៍សាត់ទេ” ៕

Related posts

Leave a Comment