កាលពីពេលថ្មីៗនេះ មានទារិកាម្នាក់ត្រូវបានម្ដាយ ឪពុកបោះបង់ចោលនៅគំនរសម្រាមនៅម្ដុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រោយពេលបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះ បានប្រទះឃើញទារិកាម្នាក់នេះរួច
ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរសង្កាត់ផងដែរ។ ម្យ៉ាងវិញទៀត ពេលនេះទារិកាម្នាក់នេះ ត្រូវបានគេយកទៅត្រួតពិនិត្យ និងតាមដានមើលពីសុខ មិនតែប៉ុណ្ណោះ ក្រោយពិនិត្យរួច ឃើញថា នាងមានសុខភាពល្អ ហើយក៏មានអ្នកស្ម័គ្រចិត្តយកទៅចិញ្ចឹមធ្វើជាកូនទៀតផង។
ដោយលែក ពិតជាដំណឹងដ៏ល្អបំផុត ដោយទារិកដែលត្រូវបានឪពុកម្តាយបង្កើតរបស់ខ្លួនបោះបង់ចោលនៅគំនរសម្រាមនៅចាក់អង្រែក្រោម និងទទួលបានការសិក្សាដោយឥតគិតថ្លៃពីសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ។ លោកបណ្ឌិត សេង រិទ្ធី ស្ថាបនិកនិងជាអគ្គនាយកសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ បានប្រកាសផ្តល់អាហារូបករណ៍ដល់ទារិកាកំសត់រូបនេះ នៅពេលទារិកានោះគ្រប់អាយុចូលរៀន ១ឆ្នាំកន្លះ ដែលជាកម្រិតអាយុដែលសាលាទទួលមើលថែទាំនិងបណ្តុះបណ្តាលកុមារ។
លោកបណ្ឌិតបានថ្លែងប្រាប់ថា៖ ខ្ញុំសូមចូលរួមចំណែកផ្តល់ជូននូវការអប់រំដល់ទារិកានេះឱ្យបានរៀនសូត្រនៅសាលារបស់ខ្ញុំ គឺសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ ដោយឥតគិតថ្លៃ នៅពេលទារកអាយុបាន ១ឆ្នាំកន្លះឡើងទៅរហូតដល់ចប់កម្មវិធីសិក្សា។ ការសម្រេចចិត្តលោកអគ្គនាយកសាលាបានធ្វើឡើងដោយសារលោកមានក្តីអាណិតទារិកានេះយ៉ាងខ្លាំង
បន្ទាប់ពីលោកបានអានព័ត៌មានដែលផ្សព្វផ្សាយដោយ ខ្មែរឡូត កាលពីពេលថ្មីៗនេះ អំពីការយកកូនទៅបោះបង់ចោលក្នុងគំនរសម្រាម ហើយបន្ទាប់មកក៏ត្រូវបានគេសង្គ្រោះ និងយកទៅចិញ្ចឹមបីបាច់។