កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានហេតុការណ៍ ដ៏សែនរន្ធត់មួយ បានកើតឡើង នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្រ្តីជាជនដៃដល់ បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែក្មេងស្រីរូបនោះ យកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល។
ដោយទប់ចិត្តមិនជាប់ ព្រោះក្តីអាណិតខ្លោចចិត្ត ឧកញ៉ា ឌួង ឆាយ និងភរិយា បានទៅសួរសុខទុក្ខ និងលើកទឹកចិត្ត ក្មេងស្រីដ៏គួរឲ្យអាណិតនេះដល់មន្ទីរពេទ្យកុមារជាតិ ព្រមទាំងជូនថវិកាចំនួន ១០០០ដុល្លារ ហើយសន្យានឹងជួយក្មួយស្រីម្នាក់នេះ យកទៅមន្ទីរពេទ្យ ដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ ឬ ប្រទេសកូរ៉េ នៅពេលជំងឺក្មួយបានជាសៈស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ព្រោះតែក្តីបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រីរូបនេះ ឧកញ៉ា ឌួង ឆាយ បានធ្វើរឿងមួយនេះជូនទៀតហើយ។
លោកបានបញ្ជាក់ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនបន្ថែមថា ៖ “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកា បន្តិចបន្តួច អោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញុំា តែទឹកដោះគោគុជ អោយក្មួយស្រីបានចេញពីផ្ទះខ្លះ ដើម្បីអោយក្មួយមានភាពរឹងមាំ និងក្លាហានហ៊ាន ចេញមកក្រៅផ្ទះ ជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម”៕