កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃបានធ្វើសេចក្តីព្រាងច្បាប់មួយស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដែលមាន ៨ ជំពូក និង ៤៨ មាត្រា ។ ត្រង់ជំពូកទី ៤ និង ផ្នែកទី១ នៃច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ត្រង់មាត្រា ១៦ បានចែងថា ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវបានហាមឃាត់ជាអាទិ៍ ៖
ក– ការប្រើប្រាស់ឧបករណ៍បង្កឱ្យ ឮ សំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ ។
ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ ។
គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានដល់អ្នកដទៃ ។
បន្ថែមលើមាត្រា ១៦ ខាងលើនេះ នៅក្នុងមាត្រា ១៧ ក្នុងផ្នែកទី ១ ស្តីពី «ភាពស្ងប់ស្ងាត់» ត្រង់ជំពូកទី ៤ នេះដដែល បានចែងបន្ថែមទៀតថា «រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដដៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ម៉ោង ១៤ រសៀល និង ចាប់ពីម៉ោង ២២ យប់ ដល់ម៉ោង ៥ ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច» ។
ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រចំពោះយ៉ាងពេញទំហឹង ដោយក្នុងនោះកញ្ញា សួង សុម៉ាលី ជានិស្សិតមកពីសាលាវ៉ាន់ដា សាទរយ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់នេះ ដោយកញ្ញាបានលើកឡើងថា «វាពិតជាល្អណាស់ ដែលរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង ព្រោះ KTV នៅជិតផ្ទះខ្ញុំច្រើនណាស់ រំខានណាស់ ចាក់បាស់គ្មានប្រណី» ប៉ុន្តែកញ្ញាមិនសង្ឃឹមថាអាចអនុវត្តបាន ១០០ ភាគរយទេ ជាពិសេសការរំខានពីអ្នកជិតខាង ។ បន្ថែមពីនេះកញ្ញាស្នើសុំឱ្យសមត្ថកិច្ចនៅតាមតំប់គោលដៅ ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ជាពិសេសនៅតាម KTV ។
គួររំឭកផងដែរថា ក្រសួងមហាផ្ទៃបានបញ្ជូននូវសេចក្តីព្រាងច្បាប់ «ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ» នេះ ទៅតាមបណ្ដាខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តនីមួយៗ បើកកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូលនូវចំណុចល្អៗ និង បំពេញបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មុននឹងរុញត្រឡប់មកកាន់រដ្ឋាភិបាលវិញ ។ ច្បាប់នេះអាច នឹងចូលចូលជាធរមាន នៅចុងឆ្នាំ ២០២០ ឬ ដើមឆ្នាំ ២០២១ ៕