យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់បានស្លាប់ និង ច្រើនជាង ១៥០០ នាក់ទៀតត្រូវបានបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ឋានទៅទីទួលសុវត្ថិភាព បន្ទាប់ពីមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរក៏ដូចជាការបាក់ដី វាយប្រហារតំបន់មួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូងអស់ជាច្រើនថ្ងៃ ដែលគិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ នេះ នៅតែមិនទាន់ស្រាកស្រាន្តនៅឡើយ ។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានប្រកាសដាក់តំបន់ចំនួន ២ គឺ Gyeonggi និង Chungcheong ស្ថិតក្នុងតំបន់ទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន ៤២ ថ្ងៃជាប់គ្នា ។ យ៉ាងណាមិញ ការសង្រ្គោះហាក់មានភាពស្មុគស្មាញ ដោយសារតែពាក់ព័ន្ធជាមួយនឹងវិធានការការពារនៃការឆ្លងរាតត្បាតវីរុសកូវីដ ១៩ ផងដែរ ព្រោះមានការព្រួយបារម្ភថា ជំរកប្រមូលផ្តុំគ្នានេះអាចរាតត្បាតវីរុសបាន ។ សូមបញ្ជាក់ថា ផ្ទះប្រមាណជា ១៣០០ ខ្នងត្រូវបានរងការខូចខាតដោយការបាក់ដី រួមជាមួយផ្លូវ និង ស្ពានប្រមាណជា ១០០ កន្លែង ត្រូវបានរងការបំផ្លិចបំផ្លាញដែរ ៕
ពាក់ព័ន្ធជាមួយបញ្ហានេះ ក្រសួងមហាផ្ទៃបានចាប់ផ្តើមពីការដាក់ប្រជាជនដែលគ្មានទីជម្រកឱ្យនៅជម្រកបណ្តោះអាសន្នមួយ ដែលមានការរៀបចំជាគម្លាតពីគ្នាដោយមានក្រណាត់ជាជញ្ជាំងបាំង ពីគ្រែគ្រួសារមួយទៅមួយ ។